ប្រមុខការពារជាតិកម្ពុជាជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន និងឥណ្ឌូនេស៊ី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន និងឯកឧត្តម PRABOWO Subianto រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។ ជំនួបរវាងប្រមុខការពារជាតិកម្ពុជាជាមួយប្រមុខការពារជាតិជប៉ុន និងឥណ្ឌូនេស៊ី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។


សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចជាមួយឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ទទួលបានលទ្ធផលជាផ្លែផ្កាលើវិស័យកងទ័ពជើងគោក ជើងទឹក កងរក្សាសន្តិភាព បានពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងវិបុលភាពថែមទៀត។ ជាមួយគ្នានេះ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម PRABOWO Subianto រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូនេស៊ី គឺពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែប្រសើរឡើងថែមទៀត សំដៅលើកកម្ពស់ពង្រឹងសមត្ថភាពយោធា រួមមាន ការទទួលសិក្ខាកាមកម្ពុជាទៅបណ្តុះបណ្តាលនៅឥណ្ឌូនេស៊ី ការបញ្ជូនយោធាចារ្យឥណ្ឌូនេស៊ីមកបណ្តុះបណ្តាលសិក្ខាកាមនៅកម្ពុជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូទៅវិញទៅមក ការចូលរួមលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាព និងការផ្តល់បរិក្ខារ សម្ភារយោធាជូនកងយោធពលខេមរភូមិន្ទ។

សូមជម្រាបថា កម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចពិជ័យសេនា ទៀ បាញ់