រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ គាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ សូមសម្តែងការគាំទ្រនិងអបអរសាទរចំពោះភាពជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅកម្ពុជា។ ការគាំទ្រនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងជំនួបពិភាក្សានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឡាវ បានសម្តែងការវាយតម្លៃខ្ពស់ និងការពេញចិត្តចំពោះវឌ្ឍភាពកិច្ចសហប្រតិបត្តិការទ្វេភាគី ទទួលបានល្អប្រសើរ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩។

សូមជម្រាបថា កម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ គឺសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន ឥណ្ឌូនេស៊ី ឡាវ ដើម្បីដើម្បីពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចពិជ័យសេនា ទៀ បាញ់
