រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃប្តេជ្ញាគាំទ្រចំពោះកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ បានប្តេជ្ញាគាំទ្រចំពោះកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ថៃ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព ជាបងប្អូន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ ការប្តេជ្ញាគាំទ្ររបស់រដ្ឋមន្ត្រីការពារប្រទេសថៃ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។

នៅក្នុងជំនួបសម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូក្រសួងការពារប្រទេសថៃ ដែលបានអញ្ជើញមកចូលរួមប្រជុំផ្ទាល់ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។ សូមជម្រាបថា កម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នេះ គឺសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន ឥណ្ឌូនេស៊ី ឡាវ ថៃ ដើម្បីដើម្បីពង្រឹងទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងការពារប្រទេសទាំងពីរផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចពិជ័យសេនា ទៀ បាញ់

