សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់លទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានទទួលជួបរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ដែល បានបិទបញ្ចប់ដោយ ជោគជ័យនៅថ្ងៃទី២២ ខែមិថុនានេះ។
នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិប្រុយណេ លោក មហាម៉ាដ យូសូហ្វ ដែលបានធ្វើជា តំណាងឱ្យរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
តំណាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានគោរព រាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបាន អនុម័តនូវឯកសារចំនួន៤ រួមមាន៖
ទី១) ឯកសារទស្សនទានស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេស សមាជិកអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាត។
ទី២) លើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន។
ទី៣) ឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំយោធា អាស៊ាន។
ទី៤) ឯកសារចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្តារឡើង វិញ ក្រោយវិបត្តិជំងឺកូវីដ១៩។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល ឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ជាមួយនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋមន្ត្រី ក្រសួងការពារជាតិអាស៊ានទាំងអស់ ដែលញ៉ាំងឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ទទួលបានជោគជ័យ។