ប្រជាពលរដ្ឋ ២គ្រួសារ ដែលងាយរងគ្រោះនៅក្នុងស្រុកទឹកផុស បានទទួលអំណោយដោយផ្ទាល់ដៃពីសាខាកាកបាទក្រហមកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលងាយរងគ្រោះពីរគ្រួសារ នៅក្នុងស្រុកទឹកផុសបានទទួលអំណោយជាគ្រឿងសម្ភារៈ ហូបចុកដោយផ្ទាល់ដៃពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ។

ការចុះសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលងាយរងគ្រោះបានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នេះក្រោមអធិបតីភាពលោក សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា មន្ត្រីអនុសាខា ស្រុកទឹកផុស បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះ និងរលំផ្ទះដល់ដី ចំនួន ២គ្រួសារ ស្ថិតនៅភូមិភ្នំតាឱស ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក  សៀត គឹមលៀង ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ដែលបានចូលរួមសោកស្ដាយ ចំពោះការខូចខាត ព្រមទាំងវត្ថុ មានតម្លៃដែលបាត់បង់ក្នុងគ្រោះថ្នាក់ខ្យល់កន្ត្រាក់នេះដែលជាកម្លាំងញើសឈាមរបស់បងប្អូន ប្រជាពលរដ្ឋខិតខំរកបានដោយការងារសុចរិត ហើយលោកក៏បានបន្តថាសូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំប្រឹងប្រែងបន្តទៅមុខទៀត  ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឲ្យបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយៈការរៀបចំសម្ភារក្នុងផ្ទះឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះឲ្យបានស្អាត ពិសេសអនុវត្តន៍ឲ្យបានតាមក្រសួងសុខាភិបាល ចូលរួមការពារទប់ស្កាត់ជំងឺសកលកូវីដ១៩ ។

ជាមួយគ្នានោះអំណោយសាខាក៏បានផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគមួយចំនួន ដោយក្នុង១គ្រួសារទទួលនៅសម្ភារសម្រាប់គ្រួសាររងគ្រោះ របើកដំបូល ទទួលបាន ៖ សម្ភារៈ អង្ករ ៣០គក្រ មី ១កេះ, ត្រី ខ ១យួរ, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់( ភួយ ១ ក្រមា ១ សារុង ១ មុង ១) និងថវិកា ៥០ ០០០ រៀល ។ សម្រាប់គ្រួសារ រងគ្រោះ រលំផ្ទះ ទទួលបាន ៖ អង្ករ ៣០គក្រ, មី ១កេះ, ត្រី ខ ១យួរ, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់( ភួយ ១ ក្រមា ១ សារុង ១ មុង ១) បន្លុង ១ឈុត និងថវិកា ១០០ ០០០ រៀល ៕ ដោយ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner