បន្ទាប់ពីឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីជប៉ុន៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទប្រជុំដកពិសោធន៍បន្ទាន់
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំប្រជុំដកពិសោធន៍បន្ទាន់ជាមួយមេបញ្ជាការ មេបញ្ជាការរង នាយទាហានបង្គោលទាំងអស់របស់បញ្ជាការដ្ឋានអង្គរក្ស ក្រោយហេតុការណ៍ធ្វើឃាតលើឯកឧត្តម ស្ស៊ិនសូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានឃាតករបាញ់ប្រហារក្នុងអំឡុងពេលដែលកំពុងថ្លែងសុន្ទរកថាក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុនសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឱ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហានបង្គោលទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់និងពង្រឹងបន្ថែមទៀត លើកិច្ចការងារ ការពារសន្តិសុខ សវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូលរបស់ជាតិ-អន្តរជាតិ ពិសេសនោះគឺការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យបាន១០០%ទោះក្នុងតម្លៃណាក៏ដោយ។
ទាក់ទងករណីឃាតកម្មនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះឃាតកម្មដ៏ព្រៃផ្សៃលើឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅព្រលប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

សូមជម្រាបថា អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ បានទទួលមរណភាពនៅទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយរងការបាញ់ប្រហារក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថាឃោសនាបោះឆ្នោតនៅតំបន់ណារ៉ានៅជប៉ុនខាងលិច។ ការស្លាប់របស់ឯកឧត្តមត្រូវបានបញ្ជាក់ដោយមន្ត្រីក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកទៅកាន់សារព័ត៌មានក្នុងស្រុក នៅប្រហែលប្រាំមួយម៉ោងក្រោយការវាយប្រហារនៅម៉ោង១១កន្លះព្រឹកថ្ងៃទី០៨ ខែកក្កដានេះ និងកើតឡើងក្រោយក្រុមវេជ្ជបណ្ឌិតខ្នះខ្នែងសង្គ្រោះជីវិតរបស់លោក៕
ដោយ៖ពលជ័យ
រូបភាព៖Oun leap