ប្រមុខការទូតចិន-សហរដ្ឋអាមេរិកព្រមព្រៀងបន្តកិច្ចសន្ទនា បើទោះជាមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនក៏ដោយ

កោះបាលី៖ ប្រមុខការទូតកំពូលរបស់សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងបន្តកិច្ចសន្ទនា ដើម្បីទប់ស្កាត់ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទាំងពីរ កុំឱ្យវិវត្តទៅជាជម្លោះ។ ប៉ុន្តែពួកគេនៅតែមានជម្លោះជុំវិញបញ្ហាកោះតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន និងសមភាគីចិនលោក វ៉ាង យី បានជួបពិភាក្សាគ្នានៅលើកោះរមណីយដ្ឋានឥណ្ឌូនេស៊ី បាលី នៅថ្ងៃសៅរ៍សប្តាហ៍នេះ មានរយៈពេលជាង៥ម៉ោង ។ វាជាជំនួបទល់មុខគ្នាលើកដំបូងរបស់ពួកលោក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមកាលពីខែកុម្ភៈមក។ ពួកលោកបានជួបគ្នាចុងក្រោយក្នុងខែតុលា។ លោក ប្លីងគែន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំថា ការពិភាក្សាគឺមានប្រយោជន៍ ច្បាស់លាស់ និងស្ថាបនា។ លោកថា ពួកលោកបានចែករំលែកការប្តេជ្ញាចិត្ត ក្នុងការគ្រប់គ្រងទំនាក់ទំនង និងការប្រកួតប្រជែងរវាងប្រទេសទាំងពីរប្រកបដោយការទទួលខុសត្រូវ ដូចដែលបានរំពឹងទុកដោយសហគមន៍អន្តរជាតិ។

ជាមួយគ្នានេះ ក្រសួងការបរទេសចិនបានដកស្រង់សម្តីលោក វ៉ាង ដោយនិយាយថា វាមានសារសំខាន់ក្នុងការគ្រប់គ្រងភាពផ្ទុយគ្នា និងភាពខុសគ្នាឱ្យបានត្រឹមត្រូវ ក៏ដូចជាខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពខុសគ្នា។ បើទោះបីជានៅមានជម្លោះលើបញ្ហាជាច្រើន រួមទាំងបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចក៏ដោយ ថ្មីៗនេះ សហរដ្ឋអាមេរិក-ចិនបាននិងកំពុងព្យាយាមលើកកម្ពស់កិច្ចសន្ទនាក្នុងវិស័យផ្សេងៗ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner