លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួនបីវត្ត នៅខេត្តក្រចេះ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការ បានមូលមតិគ្នា នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន ៣វត្ត គឺ វត្តសិរីសុន្ធរវង្ស ស្ថិតនៅក្រចេះក្រុង វត្តមញ្ចសិលាថ្មគ្រែ និងវត្តភ្នំសំបុក ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី នារសៀលថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ។



តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក) ។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។







ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់វត្តទាំង ៣ ក្នុងថ្ងៃនេះ រួមមាន៖ ទៀនព្រះវស្សា ១គូ កន្ត្រកផ្លែឈើ ១កន្ត្រក អង្ករផ្កាម្លិះ ២បាវ ប្រេងឆា ១កេស ទឹកត្រី ១កេស ទឹកស៊ីអ៊ីវ ១កស ត្រីខ ១កេស អំបិល ១ឈុត ប៊ីចេង ម្ស៉ៅសុប ស្ករស ម្រេច ខ្ទឹមសរ ការហ្វេ សាប៊ូ ទៀន ធូប តែ ១ឈុត មី ១កេសធំ សាច់ក្រក ៥គីឡូក្រាម សៀង ៥គីឡូក្រាម ប្រហុក ៥គីឡូក្រាម សាច់ប៉ូវ ៥គីឡូក្រាម ផ្អក ៥គីឡូក្រាម ម៉ាស ១កេស ចង្ហាន់ ១ឈុត ត្រីងៀង ៥គីឡូក្រាម ទឹកដោះគោ ១០កេស ទឹកក្រូច ១២កេស ទឹកផ្លែឈើ ១០កេស ទឹកសុទ្ធ ១០កេស ។







ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈដល់ព្រះនាងក្រពុំឈូក និងទីសក្ការៈបារមីលោកជំទាវកន្ទោងខៀវ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមមានភាពសម្បូរណ៍សប្បាយគ្រប់ៗ ក្រុមគ្រួសារ ជាពិសេស សូមឲ្យប្រទេសជាតិជៀសផុតពីជំងឺកាចសាហាវផ្សេងៗ និង មានការរីកចម្រើន លើគ្រប់វិស័យ ។ ដោយឡែកកាលពីព្រឹកថ្ងៃដដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចាត់តំណាងនាំយកទេយ្យវត្ថុ និងចង្ហាន់មកវេរប្រគេនដល់ព្រះសង្ឃចំនួន ៣វត្ត នេះផងដែរ ៕ ដោយ៖ ថេត វិចិត្រ









