សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីត នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នារសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ។
យោងតាមសំនេរក្នុងឱកាសចូលគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជានេះ បានឱ្យដឹងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន និងក្រុមគ្រួសារសព ចំពោះ មរណភាពរបស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដែលជាការបាត់បង់ដ៏ធំធេង និងឈឺចាប់មិនអាចពិពណ៌នាបាន។
សម្ដេចតេជោ បានបញ្ជាក់ក្នុងសំនេរនេះទៀតថា មរណភាពរបស់ ឯកឧត្តម អាបេ ស៊ិនហ្សូ មិនគ្រាន់តែជាការបាត់បង់នូវរដ្ឋបុរស ស្នេហា ជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឱ្យមានការរីកចំរើន និងលើក កម្ពស់តួនាទីរបស់ជប៉ុននៅលើឆាកអន្តរជាតិ និងតំបន់ ប៉ុណ្ណោះទេ តែជាការបាត់បង់នូវមិត្តភក្កិដ៏ល្អពិតប្រាកដមួយរូប របស់ប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ ដែលបានរួមចំណែកក្នុងការលើក កម្ពស់ទំនាក់ទំនង ទ្វេភាគីកម្ពុជា-ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ ២០១៣ ក៏ដូចជាបានជំរុញការផ្ដល់ជំនួយគាំទ្រដល់ការអភិវឌ្ឍ នៅ កម្ពុជាផងដែរ។ កាយវិការដ៏សប្បុរស និងមនោសញ្ចេតនាស្មោះស្ម័គ្រ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំជារៀងរហូត ។
ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះ សម្ដេចតេជោ សូមបួងសួង ឲ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម អាបេ ស៊ិនហ្សូ បានទៅសោយសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សូមរំលឹកថា ឯកឧត្តម អាបេ សិនហ្សូ បានទទួលមរណភាព នៅរ សៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុងណារ៉ា( Nara )ភាគខាងលិច ប្រទេសជប៉ុន។
ភ្លាមៗបន្ទាប់ពីទទួលដំណឹងពីមរណភាពរបស់ឯកឧត្តម អាបេ, សម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានផ្ញើសារជូនឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បី រំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម អាបេ ដែលទទួល មរណភាព ក្នុងវ័យ៦៧ឆ្នាំ។
ទន្ទឹមនេះ ដើម្បីសម្តែងនូវការដឹងគុណ ចំពោះមនោសញ្ចេតនាការ ស្រឡាញ់ដ៏ស្មោះត្រង់របស់ ឯកឧត្តម អាបេ ស៊ិនហ្សូ, រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចឱ្យមានការកាន់មរណទុក្ខ នៅទូទាំងប្រទេសចំនួន ១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ដោយតម្រូវឱ្យមានការបង្ហូត ទង់ជាតិ នៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ ៕
ដោយ ៖វណ្ណលុក








