ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនខិតខំកែប្រែចំណុចខ្វះខាត និងពង្រឹងបន្ថែមចំណុចខ្លាំង ដើម្បីទទួលបានការគាំទ្រ និងបន្តជោគជ័យសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងបានខិតខំកែប្រែចំណុចខ្វះខាត និងពង្រឹងបន្ថែមចំណុចខ្លាំងឱ្យបានទាន់ពេលវេលា និងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានការគាំទ្របន្តទៅមុខទៀត និងបន្តជោគជ័យសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ ព្រមទាំងផ្តល់ឱកាសជូនសម្តេចតេជោ បន្តដឹកនាំដោយការតម្កល់ផលប្រយោជន៍ជាតិជាធំ និងបន្តបម្រើប្រជាពលរដ្ឋឱ្យបានសេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍកាន់តែរីកចម្រើនជឿនលឿន។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ទ្បាយ សន្សំកុសល ស្ថិតនៅក្នុងបរិវេណវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា អភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់ មិនមែនកើតចេញដោយចៃដន្យនោះទេ ប៉ុន្តែនេះគឺជាចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងធ្វើការស្វ័យវាយតម្លៃចំណុចខ្វះខាតរបស់ខ្លួនឯងជាប់ជាប្រចាំ។ ឈរលើមូលដ្ឋាននៃការដឹកនាំ និងការតាក់តែងគោលនយោបាយ ដោយផ្សារភ្ជាប់ទៅនឹងការស្វ័យវាយតម្លៃខ្លួនឯងនេះហើយ ដែលជាកត្តានាំឱ្យមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងលើសលប់នៅទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានគោលដៅ និងមានមហិច្ឆិតាចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ក្នុងគោលដៅនេះ សម្តេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទាក់ទាញវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស សំដៅបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច ហើយអ្វីដែលសំខាន់ជាងនេះ គឺការការពារអាយុជីវិតប្រជាពលរដ្ឋកុំឱ្យរងគ្រោះដោយសារសង្គ្រាមបែកបាក់ និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ជាដើម ពីព្រោះកត្តាទាំងនេះ អាចនឹងមានផលប៉ះពាល់អូសបន្លាយរយៈពេលវែងដល់ដំណើរការនៃការអភិវឌ្ឍជាតិ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការរស់នៅប្រកបធម៌ វិន័យ ស្មារតីគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់ដោយមិនបំពានសិទ្ធិអ្នកដទៃ អាចនាំឱ្យមនុស្សទទួលបាននូវសង្គមមួយដែលសមប្រកបដោយសន្តិភាព សុវត្ថិភាព សុភមង្គល និងការរីកចម្រើនជឿនលឿន។ មូលដ្ឋានសីលធម៌របស់មនុស្សជាតិត្រូវមាននៅក្នុងការអប់រំតាំងពីវ័យក្មេងរហូតដល់ធំ ហើយមូលដ្ឋាននេះគឺជាកត្តាចាំបាច់ចូលរួមចំណែកដល់ការរក្សាការពារស្ថិភាព សន្តិសុខ និងភាពសុខដុមរមនាក្នុងសង្គម។ ជាមួយគ្នានេះ មានតួអង្គ០៣ សំខាន់ដែលដើរតួនាទីក្នុងការអប់រំបណ្តុះបណ្តាលដល់ទំពាំងស្នងប្ញស្សី គឺទី១. លោកគ្រូ អ្នកគ្រូ ដែលបានផ្តល់ចំណេះដឹងនៅក្នុងសាលារៀន និងទី២.ឪពុកម្តាយតាយាយសាច់ញាតិបងប្អូនដែលបន្តអប់រំប្រៀនប្រដៅនៅផ្ទះ ហើយទី៣. គឺកត្តាបរិយាកាសសង្គមបរិស្ថានជុំវិញដែលត្រូវមានលក្ខណៈអំណោយផលដល់ការក្រេបជញ្ជក់នូវបទពិសោធន៍ និងចំណេះធ្វើជាក់ស្តែង៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner