អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការស្នើកែលម្អប្រព័ន្ធបោះឆ្នោត និងលើកស្ទួយសេរីភាពនយោបាយនៅកម្ពុជា
ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានឆ្លើយតបទៅគណបក្សនយោបាយ ចំនួនបួន ដែលបានសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះដោយស្នើឲ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត និងនិងលើកស្ទួយសេរីភាពនយោបាយនៅកម្ពុជានោះ គឺមានចំណុចមួយចំនួនមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប និងចំណុចមួយចំនួនទៀត គឺគ.ជ.ប បានអនុវត្តបានត្រឹមត្រូវច្បាប់។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១១ ខែកក្កដា នេះថា ពាក់ព័ន្ធការកែទម្រង់សមាសភាព គ.ជ.ប គឺគ.ជ.ប ពុំមានអត្ថាធិប្បាយទៅលើបញ្ហានេះទេ ពីព្រោះសារធាតុ គ.ជ.ប ត្រូវបានជ្រើសតាំងឡើងដោយឡើងដោយរដ្ឋសភា តាមការជ្រើសរើសរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។ សមាសភាពនេះ ចង់ធ្វើបែបនេះបានលុះត្រាតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។ហេតុនេះ គ.ជ.ប មិនមានអត្ថាធិប្បាយនោះទេ។
ឯកឧត្តមបន្តថា ពាក់ព័ន្ធទៅនឹងការធានាភាពលំអៀងរបស់មន្ត្រី គឃ/សប និងគធ/ខប គឺគ.ជ.ប បានរៀបចំសមាសភាពនេះ ដោយធានារួចហើយនៅភាពមិនលំអៀងរបស់មន្ត្រីតាមរយៈការជំរុញឲ្យមន្ត្រីនៃគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងគណៈកម្មការរាជធានី ខេត្ត រៀបចការបោះឆ្នោត គោរពនិងអនុវត្តឲ្យបាននូវច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត រួមទាំងក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត។ ចំពោះការលើកឡើងពីមន្ត្រីស្ថាប័នជាតិត្រូវតែអព្យាក្រឹត្យ នេះគឺជាការពង្រឹងសមត្ថកិច្ចរបស់ពួកគាត់ ហើយគ.ជ.ប ពុំមានអត្ថាធិប្បាយទៅលើចំណុចនេះទេ។ ប៉ុន្តែអ្វីដែល គ.ជ.ប បានពិនិត្យនិងសិក្សាទៅលើករណីនេះ ពិសេសគឺការសហការជាមួយស្ថាប័ននេះ គឺពុំមានអ្វីមួយអាចកត់សម្គាល់បានថា មន្ត្រីទាំងអស់នោះអនុវត្តកិច្ចការរបស់ខ្លួនដោយមិនអព្យាក្រឹត្យនោះទេ ។
អ្នកនាំពាក្យដដែលបានបន្តទៀតថា ពាក់ព័ន្ធទៅនឹងការទប់ស្កាត់សកម្មភាពបំភិតបំភ័យនេះ គឺមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប នោះទេ ប៉ុន្តែជាការពង្រឹងរបស់រដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់សន្និបាត គឺកិច្ចការនេះដែលរាជរដ្ឋាភិបាលត្រូវធ្វើដោយចាំបាច់ដើម្បីធានាអំពីរាល់សកម្មភាពទាំងអស់មិនត្រូវមានការបំភិតបំភ័យគំរាមកំហែង ដែលធ្វើឲ្យប៉ះពាល់ទៅដល់សេរីភាព នៃការចូលរួមនយោបាយរបស់ប្រជាពលរដ្ឋ នេះគឺជាការតាំងចិត្តរបស់រាជរដ្ឋាភិបាល។
ប្រភពដដែលបានបញ្ជាក់ថា ទាក់ទងការរាប់សន្លឹកឆ្នោតដោយបើកចំហរ និងការផ្តល់កំណត់ហេតុនៃការរាបសន្លឹកឆ្នោត ទម្រង់ ១១០២ ទៅភ្នាក់ងារគណបក្សនយោបាយភ្លាមៗ ករណីនេះ គឺជាករណីដែលគ.ជ.ប ត្រូវគោរព និងអនុវត្តច្បាប់ទាំងស្រុង ហើយបើចង់ធ្វើកិច្ចការនេះ គឺត្រូវតែមានវិសោធនកម្មច្បាប់។ ប៉ុន្តែសម្រាប់ការបោះឆ្នោតកន្លងមកនេះ ពិសេសការរាប់សន្លឹកឆ្នោត គឺដំណើរការប្រកបដោយតម្លាភាព ដោយការគោរពអនុវត្ត និងអនុវត្តទៅតាមគោលការណ៍ដែលកំណត់នៅក្នុងច្បាប់ បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប ហើយក៏មិនមានបញ្ហាទាក់ទងទៅនិងការមិនផ្តល់នៅលទ្ធផលនៃការបោះឆ្នោតនោះទេ ដោយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតត្រូវបានបំពេញជាបីច្បាប់នៅក្នុងកញ្ចប់ “ក” ដើម្បីផ្ញើជូនមក គ.ជ.ប បិទផ្សាយនៅមុខការិយាល័យបោះឆ្នោត ហើយនឹងបញ្ជូនទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត សម្រាប់បូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងឃុំសង្កាត់។ កិច្ចការនេះ គ.ជ.ប នឹងពង្រឹងបន្ថែមទៀតនៅក្នុងការអនុវត្ត។
ពាក់ព័ន្ធទៅនិងភាពមិនប្រក្រតី និងការប្តឹងពីភាពមិនប្រក្រតី ចំណុចនេះគណបក្សនយោបាយត្រូវតែសិក្សាទៅលើលក្ខខណ្ឌទូទៅរបស់ច្បាប់ ហើយពិសេសគឺភ្នាក់ងារគណបក្សនយោបាយត្រូវតែទទួលបាននៅការបណ្តុះបណ្តាល ដើម្បីឲ្យក្លាយជាភ្នាក់ងារមួយដែលមានសមត្ថភាពពេញលេញក្នុងការតាមដាន ត្រួតពិនិត្យ និងអនុវត្តការបោះឆ្នោតរបស់គ.ជ.ប ។បើពិនិត្យមើលទៅលើគោលការណ៍ដែលកំណត់នៅក្នុងការណែនាំពីការដាក់ការទទួលនិងការដោះស្រាយបណ្តឹង គឺមានលក្ខណៈពេញលេញ។ ប៉ុន្តែអ្វីដែលនៅខ្វះខាត គឺភ្នាក់ងារគណបក្សនយោបាយទៅវិញទេ ដែលគណបក្សនយោបាយមិនបានបណ្តុះបណ្តាលភ្នាក់ងាររបស់ខ្លួន ។
ឯកឧត្តម សោម សូរីដា មានប្រសាសន៍បញ្ជាក់ថា ទាក់ទងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត គឺមិនមែនជាសមត្ថកិច្ចរបស់គ.ជ.ប ទេ ហើយគ.ជ.ប ក៏អត់មានអត្ថាធិប្បាយទៅលើបញ្ហានេះដែរ។ សម្រាប់ការកែលម្អការចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះបេក្ខជន និងភ្នាក់ងារអ្នកសង្កេតការណ៍បោះឆ្នោតរបស់គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នេះ គឺចំណុចនេះត្រូវបានកែលម្អ ហើយកែលម្អនេះ គឺតាមរយៈការធ្វើទំនើបកម្ម នៃដំណើរការរៀបចំការបោះឆ្នោត ដែលគ.ជ.ប បានរៀបចំឲ្យមានការគ្រប់គ្រងកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត រួមជាមួយនឹងការចុះឈ្មោះភ្នាក់ងារ ។ពិសេសគឺការចុះឈ្មោះភ្នាក់ងារអ្នកសង្កេតការណ៍គណបក្សនយោបាយនឹងជំរុញឲ្យមានកម្មវិធីសម្រាប់ការត្រួតពិនិត្យ គ្រប់គ្រងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ៕ ដោយ៖ ពលជ័យ