គ.ជ.ប ចេញសេចក្តីសម្រេចស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ត្រូវចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដូចបានកំណត់ក្នុងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបដល់អាយុ១៨ ឆ្នាំ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មី មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត ក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង។ ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត និងការផ្តល់សុពលភាពបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ត្រូវអនុវត្តដោយអនុលោមទៅតាម បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ លើកលែង តែសម្ភារ ឯកសារចុះឈ្មោះបោះឆ្នោតដែលត្រូវផ្ដល់ជូន លធខប កបឃស និង កចប ដូចមាន ចែងក្នុងចំណុច ៦.៣.៥ ៦.៣.៦ និង ៦.៣.៧ នៃប.ន.ព.ច ត្រូវកំណត់ និងផ្តល់ជូនជាក់ស្ដែងតាម ការសម្រេចរបស់ គ.ជប ដោយផ្អែកលើផែនការសម្ភារ ឯកសារប្រចាំឆ្នាំ២០២២។

គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ការកំណត់អាយុ១៨ឆ្នាំ ត្រូវគិតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ (កើតមុន ឬ ត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥)។ ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន៣លើក ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ កិច្ចប្រជុំត្រួតពិនិត្យនេះ ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។

គ.ជ.ប (នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស) ត្រូវចាត់ចែងផលិតបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ (បញ្ជីបោះឆ្នោតចុងក្រោយ) ចំនួន៣ (បី) ច្បាប់ ផ្តល់ជូនក្រុមប្រឹក្សា ឃុំ សង្កាត់ សម្រាប់បិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងទីប្រជុំជនណាមួយ ក្នុងឃុំ សង្កាត់ ព្រមទាំងរក្សាទុក ១ (មួយ) ច្បាប់ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

គ.ជ.ប ត្រូវអនុវត្តការផ្ដល់លិខិតអញ្ជើញជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ពិសេសអ្នកដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដែលអស់សុពលភាព និងឯកសារបញ្ជាក់អត្តសញ្ញាណ ក្នុងការចុះឈ្មោះ បោះឆ្នោតកន្លងមក ដើម្បីឱ្យមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោត តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីដែលមានសុពលភាព ជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ រយៈពេលជាក់ស្ដែងនៃការផ្ដល់លិខិតអញ្ជើញជូនប្រជាពលរដ្ឋ នៅតាមភូមិ ឃុំ សង្កាត់ ត្រូវកំណត់តាមប្រតិទិនការងាររបស់ គ.ជ.ប។

វិធានការសុខាភិបាលចាំបាច់មួយចំនួន និងវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមលិខិតបទដ្ឋានពាក់ព័ន្ធនានាត្រូវអនុវត្តក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕
ដោយ៖ពលជ័យ

ads banner