ចិនជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងគុយបា
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងប្រទេសគុយបាទាំងស្រុង។
លោក Wang បានធ្វើការកត់សម្គាល់បែបនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរនៅលើប្រព័ន្ធផ្សព្វផ្សាយដែលរាយការណ៍ថា ក្រសួងការបរទេសអាមេរិកបានប្រកាសពីការរឹតបន្តឹងទិដ្ឋាការប្រឆាំងនឹងមន្ត្រីគុយបាចំនួន ២៨នាក់កាលពីថ្ងៃទី៩ ខែកក្កដាកន្លងទៅ។ លោក Wang បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិនគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនគុយបាក្នុងការរក្សាស្ថិរភាពសង្គម។ លោកថា ទណ្ឌកម្មឯកតោភាគីដែលដាក់ដោយសហរដ្ឋអាមេរិកប្រឆាំងនឹងមន្ត្រីគុយបា ដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ត្រូវបានចាត់ទុកថា ជា “ការទូតបង្ខិតបង្ខំ”។
លោក Wang បន្តថា ២៩លើកជាប់ៗគ្នា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយដ៏លើសលប់ ដែលទាមទារឱ្យសហរដ្ឋអាមេរិកបញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុប្រឆាំងនឹងគុយបា។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបន្ថែមថា យើងជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមការអំពាវនាវរកយុត្តិធម៌ពីសហគមន៍អន្តរជាតិ គោរពតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាលុបចោលទាំងស្រុងនូវទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងគុយបា៕ ប្រភព៖ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



