រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងជួបជាមួយឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅរសៀលនេះ
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃសហរដ្ឋអាមេរិកនៅវេលាម៉ោង ៤:១៥រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការក្រសួងការបរទេស។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមជម្រាបថា ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជា និងឡាវ កាលពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ។ ទស្សនកិច្ចនាពេលនោះ ផ្តោតលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុតនៅក្នុងតំបន់នេះ ដោយពង្រឹងបន្ថែមនូវមជ្ឈភាពអាស៊ាន ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឲ្យអនុតំបន់ទន្លេមេគង្គមានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀត។
សម្រាប់ទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលនោះ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងការគាំទ្ររបស់អាមេរិក សម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន៕ ដោយ៖ពលជ័យ
