ប្រធានសហព័ន្ធកីឡាសូហ្វតិនីសកម្ពុជា ស្នើរឲ្យកីឡាករការិនីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍រៀបចំចុងឆ្នាំ២០២២
ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង ប្រធានសហព័ន្ធកីឡាសូហ្វតិនីសកម្ពុជា និងជាប្រធានសហព័ន្ធសូហ្វតិនីសអាស៊ីអាគ្នេយ៍ បានស្នើរឲ្យកីឡាករកីឡាការិនីខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ត្រៀមខ្លួនចូលរួមការប្រកួតកីឡាសូហ្វតិនីសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាគ្រោងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅអំឡុងខែ ធ្នូ ឆ្នាំ២០២២ខាងមុខ។
ឯកឧត្តម ប្រធានសហព័ន្ធបានថ្លែងស្នើរសុំបែបនេះ ក្នុងពិធីបិទការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៦ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ ២០២២ កាលពីល្ងាចថ្ងៃទី១១ ខែ កក្តដា ឆ្នាំ២០២២។ ឯកឧត្តម បានគូសបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ រៀបចំឡើង ដើម្បីជាការវាស់ស្ទង់សមត្ថភាពកីឡាករកីឡាការិនីមុននឹងឈានចូលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣។
ឯកឧត្តម បានលើកឡើងទៀតថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ជាការប្រកួតមួយដែលប្រជុំដោយជើងខ្លាំងមកពីបណ្តាលប្រទេសក្នុងតំបន់អាស៊ានមកចូលរួម។ដូច្នោះកីឡាករកីឡាការិនីកម្ពុជាក៏ត្រូវតែមានសមត្ថភាពខ្លាំងដែរ។បើមិនមានសក្តានុពលនោះទេ មេដាយដែលរៀបចំក្នុងប្រទេសយើងនឹងត្រូវគេដណ្តើមយកអស់។ ហេតុនេះហើយ ក្នុងនាមម្ចាស់ផ្ទះចាំបាច់ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ចូលរួមប្រជែងដណ្តើមមេដាយឲ្យបានជូនកម្ពុជា ដើម្បីបង្ហាញពីកិត្យានុភាពនិងមោទកៈភាពកីឡាកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកីឡានគរបាលទាំងការគាំទ្រនិងការឧបត្ថម្ភធ្វើឲ្យកីឡានគរបាលរីកចំរើនយ៉ាងខ្លាំង។ទន្ទឹមជាមួយគ្នានោះ ឯកក្នុងនាមប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានប្តេជ្ញាចិត្ត នឹងបូជានូវកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងពង្រឹងនូវ វិស័យកីឡាមួយនេះ ឲ្យកាន់តែមានប្រជាប្រិយភាព ភាពល្បីល្បាញ និងមានមោទនភាពទាំងថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ជាពិសេស គឺជួយជម្រុញ ដាស់ស្មារតីទឹកចិត្តកីឡាករ កីឡាការិនីឲ្យមានភាពស្វាហាប់ និងប្រកួតប្រជែងខ្ពស់ ដើម្បីដណ្តើមយកជ័យលាភីជូនជាតិមាតុភូមិ ។
សូមបញ្ជាក់ថា ការប្រកួត កីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៦ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ដំណើររយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ ទទួលបានការឧបត្ថម្ភរបស់ក្រសួងអប់រំយុវជននិងកីឡា មានសមាគមចូលរួមប្រកួតចំនួន៧ គឺ៖
១. សមាគមកីឡា ក្រសួងមហាផ្ទៃ ២. សមាគមកីឡា អគ្គ.នគរបាលជាតិ ៣. សមាគមកីឡា ក្រសួងការពារជាតិ ៤. សមាគមកីឡា ខេត្តកំពង់ស្ពឺ ៥. សមាគមកីឡា ខេត្តកំពង់ឆ្នាំង៦. សមាគមកីឡា ខេត្តត្បូងឃ្មុំ ៧. សមាគមកីឡា អូឡាំពិក សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ចំនួន ៧៤នាក់ ក្នុងនោះប្រតិភូ-គ្រូបង្វឹកចំនួន ១២នាក់ កីឡាករចំនួន ៣៨នាក់ កីឡាការិនីចំនួន ២៤នាក់ ដែលមានវិញ្ញាសាប្រកួតចំនួន ៩៕អត្ថបទៈ ជាវ ចន្ធូ




