ជំនួបរដ្ឋមន្ត្រីការបរទេសកម្ពុជា-ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក៖ ពិភាក្សាអំពីបញ្ហាមួយចំនួនដែលទាក់ទងនឹងផលប្រយោជន៍ និងកង្វល់រួម

ភ្នំពេញ៖ ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឯកឧត្តម ដានីញ៉ែល ជេ. ក្រីតថេនប្រ៊ីង្គ ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានផ្តោតទៅលើបញ្ហាមួយចំនួនដែលទាក់ទងនឹងផលប្រយោជន៍ និងកង្វល់រួម និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រួមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

ជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ឯកឧត្តមមានការរីករាយដែលបានជួបឯកឧត្តម ដានីញ៉ែល ជេ. ក្រីតថេនប្រ៊ីង្គ ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “យើងបានពិភាក្សាអំពីបញ្ហាមួយចំនួនដែលទាក់ទងនឹងផលប្រយោជន៍ និងកង្វល់រួម ព្រមទាំងពេញចិត្តលើការរីកលូតលាស់ឡើងវិញនៃទំនាក់ទំនងពាណិជ្ជកម្ម គិតចាប់តាំងពីដើមឆ្នាំនេះ ក្រោយជំងឺរាតត្បាតកូវីដ-១៩។ ខ្ញុំទន្ទឹងរង់ចាំទទួលស្វាគមន៍គណៈប្រតិភូសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ”។ ឯកឧត្តម ដានីញ៉ែល ជេ. ក្រីតថេនប្រ៊ីង្គ ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២២។

តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម ដានីញ៉ែល ជេ. ក្រីតថេនប្រ៊ីង្គ នឹងអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរជាតិនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

សូមជម្រាបថា ឯកឧត្តម ដានីញ៉ែល ជេ. ក្រីតថេនប្រ៊ីង្គឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជា និងឡាវ កាលពីពីថ្ងៃទី ១ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ ដោយទស្សនកិច្ចកាលនោះ ផ្តោតលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុតនៅក្នុងតំបន់នេះ ដោយពង្រឹងបន្ថែមនូវមជ្ឈភាពអាស៊ាន ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឱ្យអនុតំបន់ទន្លេមេគង្គមានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀត។

សម្រាប់ទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលនោះ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងការគាំទ្ររបស់អាមេរិក សម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner