លោកបណ្ឌិត គិន ភា៖ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺបង្កើតឲ្យមានភាពច្បាស់លាស់មួយនៅក្នុងការធានានូវនិរន្តភាពនៃការដឹកនាំរដ្ឋ
ភ្នំពេញៈ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ថាការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញគឺបង្កើតឲ្យមានភាពច្បាស់លាស់មួយនៅក្នុងការធានានូវនិរន្តភាពនៃការដឹកនាំរដ្ឋនិងមិនមានប៉ះពាល់ ទៅដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យឬក៏ធ្វើឲ្យមានការថមថយឬមិនមានការកាត់បន្ថយនូវសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ។ព្រោះមាត្រាដែលត្រូវធ្វើវិសោធនកម្មកន្លងមកនេះគឺនៅមានភាពចន្លោះប្រហោងច្រើនដែលនាំ ឲ្យមានការបកស្រាយផ្សេងៗគ្នា ហើយបង្កើតឲ្យមានអន្តរកាលមួយដែលធ្វើឲ្យបាត់និរន្តភាពនៃការគ្រប់គ្រងរដ្ឋ។ចំពោះការលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ បានធ្វើឲ្យថយដំណើរការឬក៏គោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ គឺលោកមិនមានការយល់ស្របទេ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ ប្រាប់ AMS នៅរសៀលថ្ងៃទី១៤ ខែកក្កដានេះថា បន្ទាប់ពីបានអានសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ គឺការធ្វើវិសោធនកម្មនេះ មិនមានប៉ះពាល់ទៅដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ ឬក៏ធ្វើឲ្យមានការថមថយ ឬមិនមានការកាត់បន្ថយនូវសិទ្ធិរបស់ប្រជាពលរដ្ឋ ឬក៏មិនមានការបន្ថែមបន្ទុកដល់ប្រជាពលរដ្ឋនោះទេ។ក៏ប៉ុន្តែលោកយល់ឃើញថា ការធ្វើវិសោធនកម្មនេះ គឺបង្កើតឲ្យមានភាពច្បាស់លាស់មួយនៅក្នុងការដឹកនាំរដ្ឋ ធានានូវនិរន្តភាព នៃការដឹកនាំរដ្ឋ។ ព្រោះមាត្រាដែលត្រូវធ្វើវិសោធនកម្មកន្លងមកនេះ គឺនៅមានភាពចន្លោះប្រហោងច្រើនដែលនាំឲ្យមានការបកស្រាយផ្សេងៗគ្នា ហើយបង្កើតឲ្យមានអន្តរកាលមួយដែលធ្វើឲ្យបាត់និរន្តភាព នៃការគ្រប់គ្រងរដ្ឋ ហើយលោកមើលមិនឃើញថា ការធ្វើវិសោធនកម្មនេះនាំឲ្យមានការខាតបង់អ្វីនោះទេ។ តែផ្ទុយទៅវិញវាអាចធានានូវនិរន្តភាពនៃការគ្រប់គ្រងរដ្ឋ។
លោកបណ្ឌិត គិន ភា បានបន្តថា ចំពោះការលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ បានធ្វើឲ្យថយដំណើរការ ឬក៏គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ គឺលោកមិនយល់ស្របទេ ពាក់ព័ន្ធជាមួយនឹងការកោះហៅមន្ត្រីរដ្ឋាភិបាល ឬក៏សមាជិកគណៈរដ្ឋមន្ត្រីមកបំភ្លឺនៅរដ្ឋសភា ពាក់ព័ន្ធជាមួយនឹងចំនួននៃអ្នកតំណាងរាស្ត្រដែលអាចកោះហៅតំណាងរដ្ឋាភិបាល ឬក៏សមាជិករាជរដ្ឋាភិបាលមកបំភ្លឺទៅករណីផ្សេង។លោកគិតថា ការដំឡើងចំនួនកូរ៉ុមបែបនេះ ជាការដាក់ទម្ងន់បន្ថែម ឬក៏ការឲ្យតម្លៃបន្ថែមទៅលើមតិភាគច្រើន គឺនៅពេលដែលមានមតិភាគច្រើនជាងមុន (ពីមុន ១ភាគ១០) អ្នកតំណាងរាស្ត្រ ១ភាគ១០ អាចកោះហៅតំណាងរដ្ឋាភិបាលមកបំភ្លឺចំពោះបញ្ហាណាមួយ ។ប៉ុន្តែឥឡូវនេះមានការកែរមក ១ភាគ៣ នៃអ្នកតំណាងរាស្ត្រ គឺអាចកោះហៅតំណាងរាជរដ្ឋាភិបាលមកបំភ្លឺករណីណាមួយ។កន្លែងនេះគឺជាការផ្តល់នូវតម្លៃទៅលើមតិភាគច្រើនជាងមុននៅក្នុងការកោះហៅតំណាងរាជរដ្ឋាភិបាលមកបំភ្លឺករណីណាមួយ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា “វិសោធនកម្មរដ្ឋធម្មនុញ្ញ បើយើងនិយាយពីគោលការណ៍ គឺមានន័យថា វាទាមទារឲ្យស្ថានភាពតម្រូវ ដើម្បីឲ្យរដ្ឋធម្មនុញ្ញរបស់យើងអាចធានាបាននូវការអនុវត្តធានាបាននូវនិរន្តភាពនៃការគ្រប់គ្រងរដ្ឋហើយមិនមានការប៉ះពាល់ទៅដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ ប៉ះពាល់ទៅដល់សិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ ឬក៏ប៉ះពាល់ទៅដល់ស្ថាប័ននយោបាយ ឬក៏ស្ថាប័នធម្មនុញ្ញដែលមាននៅក្នុងរដ្ឋធម្មនុញ្ញនោះទេ ក៏ប៉ុន្តែវាបង្កើតភាពច្បាស់លាស់មួយនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង ក្នុងការអនុវត្តគោលការណ៍ច្បាប់ គោលការណ៍នៃការធានានិរន្តភាពនៃការគ្រប់គ្រងរដ្ឋ ។
លោកបន្តថា ក៏ប៉ុន្តែគេត្រូវទទួលស្គាល់លើចំណុចមួយថា វិសោធនកម្មរដ្ឋធម្មនុញ្ញ នៅពេលដែលមានការធ្វើវិសោធនកម្មញឹកញប់ពេក គឺវាធ្វើឲ្យរដ្ឋធម្មនុញ្ញរបស់យើងក្លាយទៅជារដ្ឋធម្មនុញ្ញទន់ ហើយធ្វើឲ្យមានការលើកឡើងថា រដ្ឋធម្មនុញ្ញវាហាក់ដូចជាច្បាប់ធម្មតាដែលចេះតែនាំគ្នាធ្វើវិសោធនកម្មចុះឡើងៗ ឬក៏ច្រើនដងពេក។លោកបន្ថែមថា ជាទស្សនៈរបស់ខ្ញុំយល់ថា ស្ថាប័នពាក់ព័ន្ធទាំងរាជរដ្ឋាភិបាល ទាំងរដ្ឋសភា ព្រឹទ្ធសភា ទាំងក្រុមប្រឹក្សាធម្មនុញ្ញ គួរតែពិនិត្យមើលទៅលើខ្លឹមសាររដ្ឋធម្មនុញ្ញឲ្យបានល្អិតល្អន់ស៊ីជម្រៅ។យកចិត្តទុកដាក់ពិចារណាគ្រប់ជ្រុងជ្រោយទាំងអស់ទូទៅថា តើមានចំណុច មានមាត្រា មានកថាខណ្ឌ ឬមានចំណុចត្រង់ណាទៀតដែលត្រូវធ្វើវិសោធនកម្ម គួរតែត្រូវធ្វើវិសោធនកម្មឲ្យបានពេញលេញ កុំឲ្យយើងដើរប៉ះមួយជំហានធ្វើវិសោធនកម្មម្តង។ មួយជំហានធ្វើវិសោធនកម្មម្តង វាធ្វើឲ្យរដ្ឋធម្មនុញ្ញខូចទ្រង់ទ្រាយ ថ្វីបើវាមិនប៉ះពាល់ទៅដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិអំណាចប្រជាពលរដ្ឋ ក៏ប៉ុន្តែវាខូចទ្រង់ទ្រាយ ហើយវាបង្កើតទៅជាទស្សនៈអវិជ្ជមានចំពោះដំណើរការនេះទៅវិញ”។
គួររំលឹកថា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈព្រះរាជសារចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី (ពីរ មាត្រា ១៥២ថ្មី) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ ការស្នើសុំធ្វើវិសោធនកម្មមាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាព ការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
គួរបញ្ជាក់ថា “សេចក្តីព្រាងច្បាប់ធម្មនុញ្ញ” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២៕ ដោយ៖ពលជ័យ