តួលេខភ្ញៀវទេសចរបរទេសក្នុងកម្ពុជានឹងរំពឹងកើនឡើងខ្លះបើសិនជាចិនដកចេញនូវ គោលនយោបាយសូន្យកូវីដ (Video Inside)
កម្ពុជានឹងរំពឹងលើលំហូនៃវិស័យទេសចរណ៍ចិនសាឡើងវិញ បើសិនជាចិនដកចេញនូវ គោលនយោបាយសូន្យកូវីដរបស់ខ្លួន។
គួរបញ្ជាក់ថាវិបត្តិឆ្លងនៃជម្ងឺកូវីដ១៩ បានធ្វើឱ្យចក្ខុវិស័យរបស់កម្ពុជា ដែលរំពឹងមានទេសចរណ៍ចិនដល់៣លាននាក់ក្នុងឆ្នាំ២០២០នោះ បានរងការប៉ះពាល់។ ក្នុងរយៈពេល២ឆ្នាំនៃការឆ្លងវិបត្តិកូវីដ១៩ វិស័យទេសចរណ៍របស់កម្ពុជា បានធ្លាក់ដល់ស្ទើរចំណុចសូន្យ។
នៅជាមួយគ្នានេះទៀត រដ្ឋាភិបាលចិនដើម្បីការពារសុខ សុវត្ថិភាពពលរដ្ឋរបស់ខ្លួន បានដាក់ចេញនូវគោលនយោបាយសូន្យកូវីដថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងប្រសាសន៍នាពិធីបិទសន្និបាតបូកសរុបទេសចរណ៍ថ្ងៃទី១៤ កក្កដា បានថ្លែងរំពឹងថាស្ថានភាពវិស័យទេសចរណ៍របស់កម្ពុជានឹងអាចប្រែប្រួលមកល្អឡើង វិញបើសិនជាប្រទេសចិនដកចេញនូវគោលនយោបាយសូន្យកូវីដ។
កម្ពុជាបើទោះបីជាដំណើរការសេដ្ឋកិច្ចជាតិត្រូវបានបើកឡើងវិញកាលពីដើមខែវិច្ឆិកាឆ្នាំ ២០២១នោះមែន, វិស័យទេសចរណ៍នៅតែមិនទាន់បានស្ទុះឡើងដូចដើមឡើយ។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានថ្លែងក្នុងសប្តាហ៍នេះថាតួលេខភ្ញៀវទេសចរណ៍បរទេស ក្នុងមួយថ្ងៃៗដែលចូលមកកម្ពុជាទើបមានប្រមាណតែ៥ពាន់ទៅ៥ពាន់៦០០នាក់តែប៉ុណ្ណោះ ។
លោកបន្តថាប្រភពទីផ្សារសំខាន់ៗនៃអ្នកទេសចរអន្តរជាតិដែលចូលមកកម្ពុជា គឺមាន មកពីប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្ដាលីជាដើម។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍នាឱកាសនោះ បានថ្លែងជម្រុញលើវិស័យទេសចរណ៍ក្នុងស្រុក។