មនុស្ស៣នាក់ឪពុក ម្តាយនិងកូន ស្លាប់ដោយសារទឹកកួច (Video Inside)
មនុស្ស៣នាក់ដែលជាឪពុកប្រពន្ធនិងកូន បានស្លាប់ដោយសារតែទឹកហូរកួចនៅពេលធ្វើ ដំណើរតាមផ្លូវមួយកន្លែងក្នុងខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកវាលវែង លោកវរសេនីយ៍ឯក ធាង ឡេង បានថ្លែងនៅថ្ងៃ១៤ កក្កដានេះថា ហេតុការណ៍នេះ បានកើតឡើង ប្រមាណ២ថ្ងៃមកហើយក្នុងពេលដែលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលការបាក់ដីភ្នំនៅផ្លូវជាតិ លេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៥៥និង១៥៦ ត្រង់ចំណុចស្ទឹងកាច់, ក្នុងភូមិឯកភាព ឃុំថ្មដា នៃស្រុកវាវែង។
ជនរងគ្រោះទាំង៣មួយគ្រួសារដែលជិះម៉ូតូពេលយប់ ឆ្លងកាត់ផ្លូវ ដែលមានទឹកហូរកាត់នាពេលនោះ ស្រាប់តែទឹកបានហូរកួចយកទាំងមនុស្សនិងម៉ូតូ ចូល ទៅក្នុងស្ទឹងមួយ ក្បែរនោះ។
សាកសពទើបត្រូវបានរកឃើញចំនួន២នាក់ដែលជាឪពុកនិងកូន, ចំណែកសាក សពស្ត្រី ជាភរិយានៅមិនទាន់រកឃើញនៅឡើយទេ។ សាកសពបុរសជាឳពុកអាយុ៣៩ឆ្នាំឈ្មោះ សុខគឿន និងម្នាក់ទៀតជាកូនដែលមិនទាន់ស្គាល់ឈ្មោះ ជាពលរដ្ឋរស់នៅភូមិស្ពានថ្ម សង្កាត់រលាប នៃខេត្តពោធិ៍សាត់។