គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ នៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩០ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ បានបញ្ជូនទៅដល់រដ្ឋសភាហើយ។ បន្ទាប់ពីទទួលបានសេចក្តីព្រាងច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងកោះប្រជុំនៅសប្តាហ៍ក្រោយដើម្បីពិនិត្យ និងឲ្យគណៈកម្មការជំនាញសិក្សា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋសភាប្រាប់ AMS នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់ AMS ថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនមកដល់រដ្ឋសភាហើយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីបានទទួលហើយរដ្ឋសភានឹងធ្វើតាមនីតិវិធីនឹងប្រជុំគណៈកម្មាធិោការអចិន្ត្រៃយ៍ដើម្បីពិនិត្យមើលថា តើច្បាប់នេះនឹងបញ្ជូនទៅគណៈកម្មការជំនាញដើម្បីសិក្សាស្រាវជ្រាវ។ បន្ទាប់ពីសិក្សាស្រាវជ្រាវរួចគណៈកម្មាការជំនាញត្រូវធ្វើរបាយការណ៍ដើម្បីស្នើដាក់ជូនសភាពេញអង្គដើម្បីពិនិត្យ និងអនុម័ត។ អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាគ្រោងនឹងកោះប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ផ្អែកតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបង្ហាញដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ត្រូវបានសម្រេចឯកភាពដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ និងដែលមានខ្លឹមសារធ្វើវិសោធនកម្មចំនួន ៨មាត្រា ដែលមានដូចជា មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈព្រះរាជសារចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី (ពីរ មាត្រា ១៥២ថ្មី) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ ការស្នើសុំធ្វើវិសោធនកម្មមាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។

គួរបញ្ជាក់ថា “សេចក្តីព្រាងច្បាប់ធម្មនុញ្ញ” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុង៕
ដោយ៖ពលជ័យ

ads banner