រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសបង់ក្លាដេសអំពីដំណោះស្រាយវិបត្តិបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនឯកឧត្តម បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស អំពីការយកចិត្តទុកដាក់របស់អាស៊ាន និងប្រធានអាស៊ានចំពោះបញ្ហាមីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់ថា ដំណោះស្រាយចំពោះរឿងនេះនឹងអាស្រ័យជាចម្បងលើដំណោះស្រាយវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា។ ការបញ្ជាក់នេះ នៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការរទេសកម្ពុជានៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២២។


បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការវិវត្តស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់លើភាពស្មុគស្មាញ និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក៏ដូចជាកិច្ចខិតខំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ និងរបស់ឯកឧត្ដមផ្ទាល់ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ក្នុងការជំរុញការអនុវត្តការព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ ក្នុងគោលបំណងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចការងារទាំងពីរលើករបស់ឯកឧត្ដមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាក់ទងនឹងទិដ្ឋភាពមនុស្សធម៌ និងយ៉ាងហោចណាស់បានធ្វើឱ្យដំណើរការនយោបាយរំកិលទៅមុខ។
ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានជម្រាបជូនឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពីស្ថានភាពជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែស និងបានស្នើឲ្យកម្ពុជា ដែលជាប្រធានអាស៊ានបច្ចុប្បន្នជួយរកដំណោះស្រាយមួយប្រកបដោយនិរន្តរភាពដល់ការធ្វើមាតុភូមិនិវត្តន៍ឲ្យបានឆាប់រហ័ស មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរដោយលើកឡើងថា បង់ក្លាដែសប្រាថ្នាចង់ឃើញដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ជាលើកដំបូង កើតឡើងក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានកោតសរសើរចំពោះចំនួនដ៏ច្រើននៃអ្នកទៅបោះឆ្នោត ដែលច្រើនជាង ៨០% នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលថ្មីៗនេះ ដោយឯកឧត្ដមបានវាយតម្លៃថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយ «សេរី និងយុត្តិធម៌»។
នៅក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានស្វែងរកការគាំទ្រពីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ចំពោះសំណើរបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានអះអាងចំពោះ ឯកឧត្ដមរដ្ឋមន្ត្រី ការបរទេសបង់ក្លាដែស នូវការគាំទ្ររបស់កម្ពុជា ដោយគូសបញ្ជាក់ពីដំណើរការដែលតម្រូវឱ្យមានការឆ្លងកាត់ការវាយតម្លៃរបស់លេខាធិការដ្ឋានអាស៊ាន និងការព្រមព្រៀងជាឯកច្ឆន្ទក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងអស់។

រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្តីបារម្ភរួម និងមានផលប្រយោជន៍ទៅវិញទៅមក ដែលក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានស្នើការគាំទ្រពីកម្ពុជាសម្រាប់បេក្ខភាពបង់ក្លាដែសនៅក្នុងអង្គការអន្តរជាតិមួយចំនួន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីនានា។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយសាលាបណ្ឌិតសភាការទូតនៃក្រសួងការបរទេសបង់ក្លាដែស។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន ក៏បានផ្តល់បទឧទ្ទេសនាមមួយនៅក្នុងបាឋកថា ដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ


