បណ្ឌិត សេក សុជាតិ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គណបក្សកាន់អំណាចបានផ្ដល់ឱកាសមាសឱ្យទៅគណបក្សនយោបាយផ្សេងទៀត

ភ្នំពេញ៖ លោកបណ្ឌិត សេក សុជាតិ នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគបានថ្លែងថា ពេលរាជរដ្ឋាភិបាលធ្វើវិសោធនកម្ម ឬកែរដ្ឋធម្មនុញ្ញម្ដងៗ លោកមើលឃើញថា គណបក្សកាន់អំណាចបានផ្ដល់ឱកាសមាសឱ្យទៅគណបក្សប្រឆាំង តែលោកក៏បានមើលឃើញដែរថា គណបក្សប្រឆាំងមិនមានសមត្ថភាពតស៊ូមតិលើរឿងទាំងអស់នេះទេ។ គណបក្សប្រឆាំងតែងតែចាត់ទុកថា គណបក្សកាន់អំណាចធ្វើដើម្បីតែរក្សាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ លោកបណ្ឌិត សេក សុជាតិ បានបន្តថា មន្ត្រីគណបក្សប្រឆាំង មិនដែលបន្ទោសខ្លួនឯងថា អសមត្ថភាពទេ ពោលបានត្រឹមតែរកវោហាស័ព្ទប្រឆាំងដែលគ្មានទម្ងន់ទម្លាក់ទៅលើគណបក្សកាន់អំណាចតែប៉ុណ្ណោះ។ មន្ត្រីមានសមត្ថភាព មើលឃើញបញ្ហាជាឱកាសមាស រីឯមន្ត្រីអសមត្ថភាព មើលឃើញបញ្ហាជាឧបស័គ្គដ៏អាក្រក់បំផុត។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩០ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ បានបញ្ជូនទៅដល់រដ្ឋសភាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីទទួលបានសេចក្តីព្រាងច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងកោះប្រជុំនៅសប្តាហ៍ក្រោយដើម្បីពិនិត្យ និងឱ្យគណៈកម្មការជំនាញសិក្សា។

ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់ AMS ថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនមកដល់រដ្ឋសភាហើយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីបានទទួលហើយរដ្ឋសភានឹងធ្វើតាមនីតិវិធីនឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីពិនិត្យមើលថា តើច្បាប់នេះនឹងបញ្ជូនទៅគណៈកម្មការជំនាញដើម្បីសិក្សាស្រាវជ្រាវ។ បន្ទាប់ពីសិក្សាស្រាវជ្រាវរួចគណៈកម្មាការជំនាញត្រូវធ្វើរបាយការណ៍ដើម្បីស្នើដាក់ជូនសភាពេញអង្គដើម្បីពិនិត្យ និងអនុម័ត។ អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាគ្រោងនឹងកោះប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ

ads banner