ឯកឧត្តម សាយ សំអាល់ ៖ មានតែគណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ និងសាកសមបំផុតក្នុងការដឹកនាំនាវាកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ ប្រធានគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ និងសាកសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ។

ឯកឧត្តមមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រសួងបរិស្ថាន និងសកម្មជនយុវជនកម្ពុជា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន ៧មករា ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ក៏បានលើកឡើងនូវគោលនយោបាយជាអាទិភាពសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ស្មើមុខស្មើមាត់លើឆាកជាតិ-អន្តរជាតិ ។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំ របស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រនិងកោតសរសើរពីបណ្តាប្រទេសជាច្រើន លើសកលលោក គឺវិធានការក្នុងការបង្ការនិងទប់ស្កាត់នូវការរីករាយដាល និងការឆ្លងជម្ងឺកាចសាហាវកូវីដ១៩ ដោយបានបើកដំណើរការប្រទេសជាតិ និងសេដ្ឋកិច្ចឡើងវិញ ដែលកត្តាសំខាន់នោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាក់ស្រោចវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ លើប្រជាពលរដ្ឋទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជាឲ្យឆ្លងផុតពីមហន្តរាយកូវីដ១៩។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា គោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ជាចក្ខុវិស័យវែងឆ្ងាយគឺឲ្យកម្ពុជាកាន់តែឈានឆ្ពោះទៅមុខបន្ថែមទៀត ចាំបាច់ត្រូវថែរក្សាសន្តិភាព កុំចាំបាត់បង់ហើយនោះ នឹកគិតពីសន្តិភាព។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីការបន្តរួមសាមគ្គីគ្នា ស្មាកៀកស្មា ឱបក្រសោបគ្នា និងត្រូវទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ ៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner