ពិធីបិទការប្រកួតកីឡាបាល់ទាត់ បាល់ទះ ប៊ូល និងឣត្តពលកម្ម សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តកែប
កែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជួប សំណេះសំណាល និងប្រគល់ពានរង្វាន់ជូនដល់កីឡាករ កីឡាការិនី ជាប់ចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ ក្នុងការប្រកួតកីឡាសិស្ស មធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២១-២០២២ដែលនិងធ្វើឡើង នៅរសៀល ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២២ នៅទីលាន កីឡដ្ឋាន ខេត្តកែប ។
ក្នុងពិធីបិទការប្រកួតកីឡា មធ្យមសិក្សា នាពេលនោះ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ថ្លែងថា ការប្រកួតកីឡា សិស្ស មធ្យមសិក្សា ជ្រើសរើសជើងឯកឆ្នាំ២០២១-២០២២នេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មានក្រុមកីឡាចូលរួមសរុបចំនួន ២៥ក្រុម (កីឡាករ កីឡាការិនី ចំនួន ៣១២នាក់/ស្រី ៤៨នាក់ ប្រតិភូដឹកនាំ ៦២នាក់/ស្រី០៩នាក់ )។
ឆ្លងតាមការប្រកួតអស់រយៈពេល ០៣ថ្ងៃនេះ ក្រុមកីឡាដែលចូលរួមប្រកួតកីឡាទាំង ០៤ប្រភេទ មាន បាល់ទាត់ (បុរស) បាល់ទះ( បុរស-នារី) ប៊ូល (បុរស) និងអត្តពលកម្ម (បុរស នារី )ជាលទ្ធផលគឺ វិទ្យាល័យ ហ៊ុន សែន ចំការដូង ១៤មេដាយ, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ទទួល ១២មេដាយ, អនុវិទ្យាល័យ សង្គមរាស្ត្រនិយម ៨មេដាយ, អនុវិទ្យាល័យ ហ៊ុន សែន កែប ៧មេដាយ, អនុវិទ្យាល័យ ពងទឹក ៧មេដាយ និងអនុវិទ្យាល័យ ហ៊ុន សែន អង្កោល ៤មេដាយ។
មានមតិសំណេះសំណាល ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកកម្ពស់វិស័យកីឡា ជាពិសេសការសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផែនការឆ្ពោះទៅឆ្នាំ២០២៣ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តាលធនធានមនុស្សទាំងបរិមាណ និងគុណភាព និងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយស្តង់ដា។ ទន្ទឹមនឹងនោះ ខេត្តកែប របស់យើង ក៏នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លេីវិញ្ញាសាកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍ប្រកួតដ៏មានសារៈសំខាន់នោះផងដែរ ៕ Sila Sarin






















