ព្រឹទ្ធសភាកម្ពុជាបដិសេធចំពោះខ្លឹមសារនៃ ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជាឆ្នាំ២០២២ ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធអាមេរិកបានអនុម័ត
ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀងគ្មានមូលដ្ឋាននិងរើសអើងនៃ “ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជាឆ្នាំ២០២២ ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។សេចក្តីស្នើច្បាប់នេះ បានពឹងផ្អែកលើសលប់លើប្រភពព័ត៌មានមិនច្បាស់លាស់ ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលទំនុកទុកចិត្តលើអង្គការនេះត្រូវបានបាត់បង់តាំងពីឆ្នាំ ២០០៤ មក ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២។
អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានការខកចិត្តយ៉ាងខ្លាំង និងសូមធ្វើការបដិសេធទាំងស្រុង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាននិងរើសអើងនៃ “ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (Cambodia Democracy and Human Rights Act of 2022 (S.3052)” ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។
អ្នកនាំពាក្យដដែលបានបន្តថា ការអះអាងដែលថា គ្មានការបោះឆ្នោតណាមួយនៅកម្ពុជាមានលក្ខណៈសេរី និងយុត្តិធម៌ គឺជាការបដិសេធទាំងស្រុងចំពោះការពិត។ ក្រុមអ្នកសង្កេតការណ៍របស់សហរដ្ឋអាមេរិកដែលដឹកនាំដោយអតីតសមាជិកសភា លោកStephen J. Solarz បានពិពណ៌នាអំពីការបោះឆ្នោតកាលពីឆ្នាំ ១៩៩៨ ថាជា “អច្ឆរិយហេតុលើដងទន្លេមេគង្គ” ។ ការបោះឆ្នោតបន្តបន្ទាប់មកទៀត ក៏ត្រូវបានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិរាប់ពាន់នាក់បានវាយតម្លៃថា មានលក្ខណៈសេរី យុត្តិធម៌ ដោយសន្តិវិធី និងមានសណ្តាប់ធ្នាប់ល្អ។
ដូចគ្នានេះដែរ អ្នកសង្កេតការណ៍ក្នុងស្រុកនិងបរទេសរាប់ពាន់នាក់ បានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីខែមុននេះ ដែលមានគណបក្សនយោបាយចំនួន ១៧ បានចូលរួមប្រកួតប្រជែង មានលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ ដោយសន្តិវិធី មានតម្លាភាព គ្មានការគំរាមកំហែង និងសមស្របតាមស្តង់ដារអន្តរជាតិ។ លទ្ធផលនៃការបោះឆ្នោតនេះ ដែលមានចំនួនអ្នកចូលរួមជាង ៨០ភាគរយ និងជិត ៧៥ភាគរយ នៃសន្លឹកឆ្នោតបានជ្រើសរើសការគាំទ្រគណបក្សកាន់អំណាច ពិតជាសក្ខីភាបង្ហាញ ឱ្យឃើញពីការបន្តផ្តល់ទំនុកចិត្តនិងការគាំទ្រចំពោះតម្រូវការក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយដែលទទួលបានដោយលំបាក និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការជ្រើសរើសនិងសំឡេងរបស់ប្រជាពលរដ្ឋដែលត្រូវបានបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោត ត្រូវតែគោរពតាម។
ប្រភពដដែលបានបន្តទៀតថា សេចក្តីស្នើច្បាប់នេះ បានពឹងផ្អែកលើសលប់លើប្រភពព័ត៌មានមិនច្បាស់លាស់ ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលទំនុកទុកចិត្តលើអង្គការនេះត្រូវបានបាត់បង់តាំងពីឆ្នាំ ២០០៤ មក ។ អតីតឧបការីរងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជ័យលាភីណូបែលសន្តិភាពពីររូប រួមជាមួយនឹងអ្នកស្រាវជ្រាវជាង ១០០ នាក់ បានផ្សព្វផ្សាយលិខិតចំហររិះគន់អង្គការនេះដែលមានចរិតលំអៀង និងពោរពេញដោយស្តង់ដារពីរ។
វិធីសាស្ត្រដែលគណៈកម្មការព្រឹទ្ធសភានេះប្រកាន់យក គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងបង្កឱ្យមានការរាំងស្ទះដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ លើសពីនេះ វាផ្ទុយទៅនិងស្មារតីនិងបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងកសាងទំនាក់ទំនងល្អ ក៏ដូចជាលើកកម្ពស់មិត្តភាពនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជន និងប្រទេសទាំងពីរ។
អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់សារជាថ្មីនូវការបេ្តជ្ញាចិត្តឥតងាករេរបស់កម្ពុជានៅក្នុងការលើកកម្ពស់នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស ការថែរក្សាសន្តិភាព និងស្ថិរភាព ដែលទទួលបានដោយលំបាករហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងកំពុងរីករាយសាទរជាមួយនឹងផ្លែផ្កានៃសមិទ្ធផលជាច្រើនទសវត្សរ៍សម្រាប់ជីវិតសុខសាន្តរបស់ខ្លួន។
អ្នកវិភាគឯករាជ្យមួយរូបបានបញ្ចេញយោបល់ថា គណៈកម្មការព្រឹទ្ធសភាអាមេរិកកំពុងដើរតួជាកីឡាករផង ជាអាជ្ញាកណ្ដាលផងនិងជាអ្នកពិន្ទុផង។ តើអាចជឿជាក់បានទេចំពោះចាត់ថ្នាក់បែបនេះ?៕
ដោយ៖ពលជ័យ

