ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅកូឡុំប៊ី បណ្តាលឲ្យមនុស្សស្លាប់ និងរបួស១៥នាក់
កូឡុំប៊ី៖ ហេតុការណ៍គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅឯតំបន់ភាគអាគ្នេយ៍ប្រទេសកូឡុំប៊ី បានធ្វើឱ្យមនុស្ស៩នាក់ បាត់បង់ជីវិត ខណៈមនុស្ស៦នាក់ផ្សេងទៀតទទួលរងរបួស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។
ក្រសួងការពារជាតិកូឡុំប៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ឧទ្ធម្ភាគចក្រខាងលើ ត្រូវបានបញ្ជូនឱ្យចូលរួមនៅក្នុងប្រតិបត្តិការយោធា ដើម្បីប្រឆាំងនឹងក្រុមប្រដាប់អាវុធនៅតំបន់ ហ្គោវៀ មុនពេលដែលវាធ្លាក់នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ ស្របពេលជាមួយគ្នានេះ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល ខណៈក្រុមជួយសង្គ្រោះកំពុងបន្តការស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន ។
សូមជម្រាបថា បំណែកឧទ្ធម្ភាគចក្រ UH-60 ប្លេគ ហ៊ក (Black Hawk) ដែលដឹកមនុស្ស១៧នាក់ត្រូវបានគេរកឃើញនៅតាមបណ្តោយដងទន្លេ អ៊ីននីរីដា ស្ថិតនៅភាគអាគ្នេយ៍ប្រទេសកូឡុំប៊ី ។ ទន្ទឹមគ្នា ក្រុមមន្ត្រីជំនាញជាច្រើននាក់ត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់នេះ ៕