រថភ្លើងកិនបុរសម្នាក់ដាច់ជើងពេលកំពុងស៊ីផឹកលើផ្លូវដែក (Video Inside)
រថភ្លើងបានកិនបុរសម្នាក់ដាច់ជើងនិងបានធ្វើឱ្យគ្នីគ្នា៦នាក់ទៀតរងរបួសក្នុងហេតុការណ៍ មួយដែលមនុស្សទាំង៧នាក់រួមមានមនុស្សប្រុស និងស្រីកំពុងអង្គុយផឹកស៊ីលើផ្លូវដែក។
យោងតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន ហេតុការណ៍នោះ បានកើតឡើងនៅយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតលើផ្លូវរថភ្លើងក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ហេតុការណ៍គ្រោះថ្នាក់នេះ មិនមែនជាលើកទី១នោះទេ ប៉ុន្តែតែងកើតមានជារឿយៗដោយសារតែពលរដ្ឋដែលរស់នៅក្បែរនឹងផ្លូវរថភ្លើងតែងនាំគ្នាមកអង្គុយ ជួបជុំឬផឹកស៊ីនៅលើផ្លូវដែក ដែលពេលខ្លះសេចក្តីរាយការណ៍រួមមានទាំងមនុស្សស្លាប់ដោយសារតែរថភ្លើងបានបើកកិនផងទៀត។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានឲ្យដឹងថា តាមច្បាប់ផ្លូវដែកនៅកម្ពុជា ផ្លូវរថភ្លើងជាផ្លូវដែលប្រើ សម្រាប់តែរថភ្លើងប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យមានការធ្វើសកម្មភាពអ្វីលើផ្លូវនោះឡើយ។
លោក ហ៊ាង សុទ្ធាយុត្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកអមសងខាងផ្លូវរថភ្លើង កុំទៅជួបជុំ ឬធ្វើសកម្មភាពនានាលើផ្លូវរថភ្លើង ដែលអាចជួបនូវគ្រោះថ្នាក់ផ្សេងៗបង្កទៅជា វិប្បដិសារីដូចករណីនេះជាដើម។