សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ វត្តមានស្រ្តីនៅក្នុងវិស័យកិច្ចការសង្គម-នយោបាយ ជាកម្លំាងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វត្តមានស្រ្តីនៅក្នុងវិស័យនយោបាយ និងកិច្ចការសង្គមទូទៅ ទាំងនៅវៀតណាម និងកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់សិទ្ធិនារី និងការជំរុញលើកកម្ពស់សមភាពយ៉េនឌ័រ ដែលជារបៀបវារៈនយោបាយដ៏សំខាន់របស់សកលលោកបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន និងសកលលោកផងដែរ។ វត្តមានស្រ្តី នៅក្នុងវិស័យកិច្ចការសង្គម នយោបាយ ជាកម្លំាងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន ក្នុងរួមចំណែកថែរក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម។
ការបញ្ជាក់នេះ ក្នុងជំនួបជាមួយលោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា នៅវិមានរដ្ឋសភា។

លោកជំទាវ ហា ធីង៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃរបស់សម្តេច អនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកជំទាវ បានជម្រាបសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារដែលសហព័ន្ធនារីវៀតណាម បានសម្រេចបាននាពេលកន្លងមក នៅក្នុងនោះមានកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែលទើបបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយគ្នាពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងត្រៀមចុះកិច្ចសហប្រតិបត្តិការ ៥ឆ្នាំបន្តទៀត។
លោកជំទាវប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅក្នុងរដ្ឋសភាប្រទេសវៀតណាម ដែលមានសមាជិកចំនួន៤៩៩នាក់ មានសមាជិកជានារីចំនួន១៥១នាក់ ដែលស្មើប្រមាណជាង៣០%។ លោកជំទាវ ហា ធីង៉ា បានគោរពស្នើសូមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងសមាជិករដ្ឋសភាកម្ពុជាជាស្រ្តី និងសហព័ន្ធនារីវៀតណាមនៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នានាពេលអនាគត។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍ លោកជំទាវ ហា ធីង៉ា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ពិតជារួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា នៅកម្ពុជា វត្តមានស្ត្រី ទាំងក្នុងក្របខ័ណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវបានលើកកម្ពស់ជាមួយនិងបរិមាណកំណើនគួរឱ្យកត់សម្គាល់នៅស្ទើរគ្រប់វិស័យសាធារណៈទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឆ្លៀតឱកាសនោះ សម្តេចបានគាំទ្រ និងលើកទឹកចិត្តក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសហព័ន្ធនារីវៀតណាម ឱ្យបានកាន់តែល្អថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា