សង្ស័យតៃកុងស្រវឹងស្រា បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកឡើងខឿនសួនពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបាក់អស់មួយដើម
ភ្នំពេញ ៖ រថយន្តម៉ាក MAZDA BT-50 មួយគ្រឿងបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានធ្វើដំណើរក្នុងល្បឿនលឿនជ្រុលទៅបុកឡើងខឿនសួនពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមថែមទៀត សំណាងដែរក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួស ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងហើយបានបើករថយន្តម៉ាក MAZDA BT-50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-0101 តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្គូតមកខាងឆ្វេងដៃហោះឡើងទៅលើខឿនសួនពុះចែកទ្រូងផ្លូវទៅបុកគុម្ពផ្កា ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកបង្គោលភ្លើងមួយដើមទៀត បណ្តាលឱ្យបាក់រាបដល់ដី ចំណែកឯរថយន្តបង្កហេតុបានខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឃាត់អ្នកបើករថយន្តនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ជីម ភារ៉ា



