លុបបំបាត់ការសង្ស័យ៖ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ក្រសួងមហាផ្ទៃត្រូវតែបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យរាល់ការរស់នៅរបស់ជនបរទេសទាំងអស់
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោងចំពោះការជួញដូរមនុស្ស ក្រសួងមហាផ្ទៃត្រូវតែបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យរាល់ការរស់នៅរបស់ជនបរទេសទាំងអស់ មិនថានៅតាមសណ្ឋាគារ ការដ្ឋាន និងតាមក្រុមហ៊ុននានានោះទេ លើកលែងតែមន្រ្តីការទូត។ ការបញ្ជាក់នេះ ក្នុងពិធីបិទវគ្គសុក្រឹតការវគ្គ១ នៅបណ្ឌិត្យសភានគរបាល ដែលស្ថិតនៅឃុំដីឥដ្ឋ ស្រុក គៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង បានសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះក្រសួងការបរទេសអាមេរិកដាក់ប្រទេសកម្ពុជាចូលជាបញ្ជីខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ចំពោះការជួញដូរមនុស្ស ខណៈកម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការសហការទប់ស្កាត់នូវអំពើជួញដូរមនុស្សនេះ។ ដោយសម្តេចក្រឡាហោម ស ខេង បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់ក្រសួងការបរទេសអាមេរិកដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅ ប៉ុន្តែកម្ពុជានៅតែមានឆន្ទៈមុះមុតក្នុងការសហការប្រយុទ្ធប្រឆាំងនូវអំពើជួញដូរមនុស្សជានិច្ច ហើយនឹងបើកប្រតិបត្តិការធំដើម្បីសម្អាត អំពើជួញដូរមនុស្សនៅកម្ពុជានេះស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា។


សូមជម្រាបថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិកដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថារាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ដោយសម្តេចបានរិះគន់អាមេរិកដែរថា ប្រទេសខ្លះ ដូចជាធ្វើការងារនេះមិនបានល្អទេ តែបែរជាបានពិន្ទុល្អវិញ។ សម្ដេចបានលើកឡើងថា សម្តេចក៏បារម្ភ ឬក៏ថាមានការភ្ញាក់ផ្អើលដែរ ព្រោះក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយតែងសហការជាមួយដៃគូអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកតែម្ដង។
សម្ដេចក្រឡាហោម បានមានប្រសាសន៍បញ្ជាក់ថា «ខ្ញុំមានការបារម្ភលើលក្ខណ្ឌនៃការវាយតម្លៃ ឬមនោសញ្ចេតនានៃការវាយតម្លៃ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កម្ពុជានៅតែមានឆន្ទៈ និងនៅតែបន្តធ្វើការងារនេះ ហើយនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ដោយស្មោះជាមួយគ្នា។ យើងនិយាយតាមរបៀបសាមញ្ញថាអ្នកមកជួយខ្ញុំ ដើម្បីជួយឱ្យខ្ញុំឈ្នះ តែបើខ្ញុំចាញ់ មានន័យថាអ្នកឯងក៏ចាញ់ដែរ មិនមែនចាញ់តែខ្ញុំទេ។ មកជួយឱ្យល្អ តែបើធ្វើមិនបានល្អ អាហ្នឹងអ្នកឯងក៏អាក្រក់ដែរ។ ថាអ៊ីចឹងទៅចុះ…។ ប្រទេសខ្លះ ដូចជាធ្វើការងារនេះមិនបានល្អទេ តែបែរជាបានពិន្ទុល្អវិញ»។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថាកម្ពុជានឹងមិនដកថយឡើយ ផ្ទុយទៅវិញគឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយដើម្បីដោះស្រាយ៕
ដោយ៖ពលជ័យ