ជូនប្រពន្ធទៅសម្រាលកូនពេលបើករថយន្តតាម ផ្លូវស្រាប់តែ ជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុកគ្នាជាមួយរថយន្តមួយ គ្រឿងទៀតពេញទំហឹង
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត តូយ៉ូតា ព្រូសជូនប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យ ខណៈកំពុងបើកនៅតាមផ្លូវក៏ត្រូវរថយន្ត មួយគ្រឿងទៀត មកបុកពីចំហៀងយ៉ាងពេញទំហឹងបណ្តាល ឱ្យរថយន្តទាំងពីរគ្រឿង រងការខូចខាត យ៉ាងដំណំបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវលេខ៣៣៧ កែងផ្លូវ លេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AU-0346 បើកដោយបុរសជាប្តី និងរួមដំណើរដោយស្ត្រីជាប្រពន្ធធ្វើណើរតាមបណ្តោយផ្លូវ លេខ៥២៨ ក្នុងទិសដៅពីជើងទៅត្បូងគោលបំណង ជូនប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ ចំណុចកើតហេតុខាងលើត្រង់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Hyundai ប្រភេទ ១២ កៅអី ពណ៌ទឹកដោះ គោ ពាក់ ផ្លាក លេខភ្នំពេញ 3E-5158 បើកបរ ដោយ បុរស ម្នាក់ ធ្វើ ដំណើរ ឆ្លងកាត់ ទទឹង ផ្លូវតាម បណ្តោយ ផ្លូវ លេខ៥២៨ពី កើត ទៅលិចក្នុងល្បឿនលឿនបានបុកផ្ទប់ចំទ្វាររថយន្ដ ព្រូសខាងស្តាំពេញទំហឹងបណ្តាល ឱ្យរថយន្ត តូយ៉ូតាព្រូសវិលក្បាល ត្រឡប់ ក្រោយមួយជុំរងការខូចខាតខ្ទេចមួយចំហៀង យ៉ាងដំណំ ។
ចំណែករថយន្ត Hyundai វិញរងការខូចខាតខាងមុខតិចតួច។ បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តតូយ៉ូតាព្រូសមិនបាននៅតវ៉ាអ្វីច្រើន នោះ ទេដោយបាននាំប្រពន្ធចេញពីក្នុងរថយន្ត និង រកមធ្យោបាយធ្វើដំណើរផ្សេងដើម្បីជូនប្រពន្ធទៅសម្រាលកូនសិន ។
ក្រោយពេលកើតហេតុនៅសល់តែរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចយក ទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ ដើម្បីរង់ចាំ ដោះស្រាយបន្តតាមនីតិវិធី ៕ ដោយ៖ ជីម ភារ៉ា




