អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ដ្រីជំនាញបើកការដ្ឋានសាងសង់ភ្លាម ចំពោះការបាក់ច្រាំងទន្លេសាប នៅភូមិព្រែកតាគង់ ក្នុងសង្កាត់ព្រែកតាសេក

ភ្នំពេញ ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ដ្រីជំនាញ បើកការដ្ឋានសាងសង់ភ្លាម ចំពោះ ការបាក់ច្រាំងទន្លេសាប នៅភូមិព្រែកតាគង់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបែបនេះ ខណៈដែលឯកឧត្តម កំពុងតែចុះពិនិត្យការបាក់ច្រាំងទន្លេសាប នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះរបស់ពួកគាត់។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការបាក់ច្រាំងទន្លេសាប នៅភូមិព្រែកតាគង់ ក្នុងសង្កាត់ព្រែកតាសេកនេះ មន្ត្រីជំនាញ ត្រូវសិក្សាឱ្យបានម៉ត់ចត់ ហើយក្រុមការងារ ត្រូវធ្វើការអនុវត្តការងារនៅថ្ងៃទី២៧ ខែកក្កដាស្អែកនេះ ដើម្បីដោះស្រាយកង្វល់ និងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។

លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានបញ្ជាក់ថា ច្រាំងទន្លេ ដែលបាក់ចូលទៅក្នុងទន្លេសាប នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេកនេះ បានបាក់ចំនួន ៣ដង ជាបន្តបន្ទាប់គ្នា ប្រមាណជិត ៥ខែមកហើយ ហើយក៏ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋសហការគ្នាទប់ជាបណ្តោះអាសន្ន ដើម្បីកុំឱ្យបាក់ផ្ទះប្រជាពលរដ្ឋចូលទៅក្នុងទន្លេសាបទៀត។

ចំពោះ មូលហេតុ នៃការបាក់ច្រាំងទន្លេសាបនេះ លោក អឿ ស៊ីផុន ក៏បានបញ្ជាក់ផងដែរថា គឺបណ្តាលមកពីដីជ្រាបទឹកចេញពីព្រែកតាគង់ ទើបធ្វើឱ្យដីផ្នែកខាងក្រោមជ្រាយ រហូតឈានទៅដល់ការបាក់តែម្តង។ ចំពោះ ការងារដែលត្រូវអនុវត្ត ដោយសារតែទឹកទន្លេសាបនៅទាប គឺអាចដំណើរការលើការងារនេះបាន ត្រូវប្រើថ្មតូចធំចាក់ទប់នៅបាតច្រាំងទន្លេសាប កាយយកដីស្អុយចេញ រួចចាក់ខ្សាច់ក្រាលពីក្រោម បន្ទាប់មកត្រូវចាក់ដីពីលើបំពេញផ្លូវ ដែលបាក់នេះតែម្តង ហើយផ្លូវដែលបាក់នេះមានប្រវែង ៩០ម៉ែត្រ ត្រូវចាក់បំពេញ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុខាងលើនេះ ក៏បានចូលជួបឯកឧត្តម ឃួង ស្រេង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម អភិបាល នៃអភិបាលរាជធានី ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេស គឺបានជួយទប់ច្រាំងទន្លេសាប ដែលបាក់នេះឡើងវិញផងដែរ៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner