ជនសង្ស័យជាឃាតករសម្លាប់មនុស្សនៅស្រុកកែវសីមា ត្រូវបានចាប់ខ្លួន
ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ករណីឃាតកម្ម លើជនរងគ្រោះឈ្មោះ សារិក ហៅ លិ កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ នៅភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីមា ខេត្ត មណ្ឌលគីរី ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ រហូតឈាន ដល់ចាប់ ខ្លួនបុរសជាជនសង្ស័យបានហើយ។
សូមរំលឹកជនរងគ្រោះឈ្មោះ សារិក ហៅ លិ ភេទស្រី អាយុប្រហែល ២២ឆ្នាំ ។ ចំណែកជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ឆៃ សុខា អាយុ ២៦ឆ្នាំ ស្នាក់នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា ការចាប់ឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចជំនាញ អង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និង ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ០៣ អ.យ.ឃ/២២ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ របស់លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី លើឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ជាជនសង្ស័យ នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនីតិវិធីដើម្បី បញ្ជូន ខ្លួនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជា ម្ចាស់ករណី៕
ដោយ ៖ ឆៃហួត និងប៊ុនធី









