កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្តីពី នីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិកាជាតិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣
បន្ទាយមានជ័យ ៖ សារាចរណែនាំ ស្តីពី នីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាជាតិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ក្រោមការរៀបចំរបស់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ និងរតនាគារខេត្ត សហការជាមួយរដ្ឋបាលខេត្ត ត្រូវបានរៀបចំផ្សព្វផ្សាយជូនមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ មេឃុំចៅ-សង្កាត់ ស្មៀន ទូទាំងខេត្តបានចូលរួមនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច បានមានប្រសាសន៍ ថា ផ្អែកលើក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៤ សរណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីផ្ដល់ជាគោលការណ៍ណែនាំថ្មីៗសម្រាប់ជាមូលដ្ឋាន និងជាក្របខ័ណ្ឌ សម្រាប់ការរៀបចំកញ្ចប់ថវិកា ឆ្នាំ២០២៣។
លោកបន្តថា ៖ ផ្អែកលើសារាចរណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ សារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីកំណត់នូវក្របខ័ណ្ឌ និងវិធានការបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល អាទិភាពចំណាយ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការអនុវត្តថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងការវិភាជថវិកាដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃទំហំថវិកា និងអាទិភាពគោល នយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «យុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥» ដែលជាការកែទម្រង់រយៈពេលវែង និងគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅពង្រឹង និងពង្រីកការអនុវត្ត «ថវិកាកម្មវិធី» ជាបណ្ដើរៗ ដើម្បីធានាឱ្យបានការផ្សារភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ ជាពិសេសគោលបំណងគោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតម្រឹមជាមួយនឹងគោលបំណង/ អាទិភាពគោលនយោបាយជាតិ។
ឯកឧត្តម បញ្ជាក់ ថា ក្នុងគោលដៅនេះ ការធ្វើសមាហរណកម្ម ផែនការនីយកម្មមានភាពចាំបាច់ ដើម្បីឱ្យផែនការយុទ្ធសាស្ត្ររដ្ឋបាលថ្នាក់ក្រោមជាតិមានការផ្សារភ្ជាប់ ទំនាក់ទំនងគ្នា បំពេញឱ្យគ្នា និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក និងតម្រឹមទៅនឹងផែនការយុទ្ធសាស្ត ថ្នាក់ជាតិ (មន្ទីរជំនាញរាជធានី-ខេត្ត)។ ទន្ទឹមនឹងការធ្វើសមាហរណកម្មផែនការយុទ្ធសាស្ត្រថវិកា គឺការធ្វើការកែលម្អ និងផ្លាស់ប្ដូរជាជំហានៗ វដ្ដថវិកានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ពិសេស កំណត់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់អំពីសិទ្ធិអំណាច និងការទទួលខុសត្រូវនៅតាមដំណាក់កាល នៃវដ្តថវិកា ដែលរួមទាំងការធ្វើស្ថាប័ននីយកម្មជាបណ្ដើរៗនៃរបាយការណ៍ហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ៕ ដោយ៖ឃិន គន្ធា










