រុស្ស៊ីប្រកាសដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ ក្រោយឆ្នាំ២០២៤
ប្រធានទីភ្នាក់ងារអវាកាសរុស្ស៊ីថ្មីលោកYury Borisovនិយាយប្រាប់លោកមេដឹកនាំ វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងែអង្គារថារុស្ស៊ីនឹងដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) ក្រោយឆ្នាំ២០២៤ហើយផ្តោតលើការបង្កើតស្ថានីយរបស់ខ្លួនវិញ។
លោក Borisov និយាយថា៖ «ជាការពិត យើងនឹងបំពេញកាតព្វកិច្ចទាំងអស់របស់យើងចំពោះដៃគូរបស់យើង ប៉ុន្តែការសម្រេចចិត្តដកខ្លួនចេញពីស្ថានីយនេះ ក្រោយឆ្នាំ២០២៤ ត្រូវបានធ្វើឡើង»។លោកបន្តប្រាប់លោក ពូទីន ថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមបង្កើតស្ថានីយអវកាសរុស្ស៊ី (ROSS) ដែលបានស្នើឡើងក្រោយចាកចេញពីISSហើយ «អាទិភាពចម្បងនឹងត្រូវបានធ្វើឡើងលើការបង្កើតROSS»។
ការនិយាយរបស់លោក Borisovបានបញ្ជាក់សារជាថ្មីលើការប្រកាសរបស់មន្ត្រីទីភ្នាក់ងារអវកាសរុស្ស៊ី (Roscosmos) ពីមុនអំពីចេតនារបស់ក្រុងម៉ូស្គូក្នុងការចាកចេញពីស្ថានីយអវកាសអន្តរជាតិ ដែលជាកម្មវិធីសហប្រតិបត្តិការរវាងអឺរ៉ុប សហរដ្ឋអាមេរិក រុស្ស៊ី កាណាដា និងជប៉ុន។កិច្ចព្រមព្រៀងបច្ចុប្បន្នរវាងរុស្ស៊ី និងអាមេរិកលើស្ថានីយអវកាសវ័យចំណាស់ ដែលបើកតាំងពីឆ្នាំ ១៩៩៨ នេះនឹងផុតកំណត់នៅឆ្នាំ២០២៤។
ការផ្លាស់ប្ដូរចុងក្រោយរបស់រុស្ស៊ីធ្វើឡើងខណៈដែលក្រុងម៉ូស្គូ និងលោកខាងលិចប៉ះទង្គិចគ្នាជុំវិញសង្រ្គាមឈ្លានពានអ៊ុយក្រែនរុស្ស៊ី រហូតបង្កើតឱ្យមានសំណួរផ្សេងៗពីអនាគតនៃកិច្ចសហការជាសកលក្នុងលំហ។កន្លងមករុស្ស៊ីបានអះអាងពីកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការជាមួយកម្មវិធីអវកាសចិន ជាជាងជាមួយអង្គការណាសារបស់អាមេរិកដែលជាដៃគូសំខាន់របស់ខ្លួនក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។
យ៉ាងណាមិញទីភ្នាក់ងារអវកាសអាមេរិកណាសានិយាយកាលពីថ្ងៃអង្គារក្រោយការលើកឡើងរបស់លោកBorisovថា ខ្លួនមិនទាន់បានទទួលព័ត៌មានពីរុស្ស៊ីដោយផ្ទាល់អំពីចេតនាដកខ្លួនចេញពីISS នោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Priceហៅការដកខ្លួនរបស់រុស្ស៊ីថាជា «ការវិវត្តគួរឱ្យសោកស្ដាយ» ទោះបីវាមិនមែនជាលើកទី១ក្ដីដែលរុស្ស៊ីបង្ហាញពីចេតនាបែបនេះ ខណៈអ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងយុទ្ធសាស្ត្រនៅក្រុមប្រឹក្សាសន្តិសុខជាតិលោកJohn Kirbyនិយាយថាសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយដៃគូស្ថានីយ៍អវកាសអន្តរជាតិទាំងអស់ ប៉ុន្តែកំពុងចាត់វិធានការប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីត្រៀមខ្លួនសម្រាប់ការដកខ្លួនរបស់រុស្ស៊ីដែលអាចទៅរួច។
ទោះបីជាមានការប្រេះស្រាំបែបនេះក្ដី ណាសា និងRoscosmosកាលពីខែមុន បានប្រកាសថាខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយទាក់ទងនឹងការហោះហើរ និងដាក់ក្រុមនាវិកបញ្ចូលគ្នានៅISS ដែលជាកិច្ចសហប្រតិបត្តិការកម្ររវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
មន្ត្រីណាសានិងរុស្ស៊ីនិយាយថាកិច្ចព្រមព្រៀងនេះធានាថា ISSនឹងត្រូវមានយ៉ាងហោចណាស់ជនជាតិអាមេរិកម្នាក់ និងរុស្ស៊ីម្នាក់នៅលើយន្តហោះ ដើម្បីធ្វើការរួមគ្នារក្សាស្ថានីយ៍គន្លងគោចរទាំងសងខាងដែលត្រូវការគ្នាទៅវិញទៅមកឱ្យដំណើរការដោយរលូន។

ប្រភព៖ Aljazeera