ឯកឧត្តម យី វាសនា៖ «ទង់ជាតិកម្ពុជាត្រូវបានបង្ហូតឡើងលើដោយមោទនភាពនៅអាស៊ានប៉ារ៉ាហ្គេម ក្នុងទីក្រុងសូឡូ»
សូឡូ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្ហូតឡើងលើក្នុងចំណោមប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ទាំង១១នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ កីឡដ្ឋាន STADION MANAHAN ក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
មុនពេលទង់ជាតិនៃប្រទេសនីមួយៗត្រូវបានបង្ហូតឡើងលើអាកាស ម្ចាស់ផ្ទះឥណ្ឌូនេស៊ីបានរៀបចំការសម្តែងរបាំប្រពៃណី និងមានសុន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណដល់ប្រតិភូទាំងអស់ដែលបានចូលរួម។ ក្នុងពិធីនេះក៏មានការប្រកាសថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកតំណាងប្រទេសនីមួយៗឡើងលើវេទិកា និងមានការថតរូបជុំគ្នា។
សម្រាប់ប្រតិភូកម្ពុជាក្នុងពិធីនេះ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងអត្តពលិកជនពិការ១០រូប (ចំនួនមានកំណត់ដើម្បីការពារជំងឺកូវីដ-១៩)បានតំណាងប្រទេសកម្ពុជាចូលរួមជាគណៈអធិបតី។
បន្ទាប់មកទង់ជាតិនៃប្រទេសនីមួយត្រូវបានបង្ហូតឡើងអមជាមួយនឹងបទភ្លេងជាតិដែលគណៈអធិបតី អត្តពលិកជនពិការ និងអ្នកចូលរួមទាំងក្រោកឈរឡើងដើម្បីគោរពភ្លេងជាតិម្តងៗមួយរហូតចប់ប្រទេសទាំងអស់។ ទង់ជាតិរបស់ប្រទេសព្រុយណេត្រូវបានបង្ហូតមុនគេ បន្ទាប់មកជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ហ្វីលីពីន ថៃ ទីម័រខាងកើត វៀតណាម និងចុងក្រោយទង់ជាតិឥណ្ឌូនេស៊ីត្រូវបានបង្ហូតចុងក្រោយគេក្នុងនាមជាម្ចាស់ផ្ទះ។
ក្រោយចប់ពិធីបង្ហូតទង់ជាតិ ឯកឧត្តម យី វាសនា មានប្រសាសន៍ថា ៖«កម្ពុជាមានសេចក្តីរីករាយណាស់។ នេះជាថ្ងៃទី១ដែលយើងជាន់ទឹកដីទីក្រុងសូឡូ ហើយត្រូវបានទទួលស្គាល់ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្ហូតឡើងលើជាផ្លូវការហើយ។ ដូច្នេះកម្ពុជានៅទីនេះ នៅទីក្រុងសូឡូ។ យើងបានបញ្ចប់ពិធីបង្ហូតទង់ជាតិប្រកបដោយមោទនភាពជាតិខ្មែរយើង ហើយទង់ជាតិខ្មែរបានបង្ហោះនៅទីក្រុងសូឡូ។ សូមអរគុណដល់បងប្អូនដែលបានគាំទ្រកីឡាយើង។ ចាប់ពីថ្ងៃស្អែកទៅ គឺជាពេលដែលយើងនឹងរៀបចំកិច្ចប្រជុំ និងកម្មវិធីប្រកួត»។
សូមបញ្ជាក់ថា ពិធីបើកការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នឹងធ្វើនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ខាងមុខ៕ ចាន់ វិចិត្រ











