បុរសជាតិនីហ្សេរីយ៉ាឆ្លងអុតស្វាកំពុងបន្តការព្យាបាល (Video Inside)
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃនេះថាបុរសជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា មានសុខភាពល្អធម្មតា និងរំពឹងថាអាចជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ។
កម្ពុជាទើបតែមានករណីអុតស្វានេះជាលើកដំបូង និងជម្ងឺនេះបានឆ្លងលើជនជាតិនីហ្សេរីយ៉ាអាយុ ២៧ឆ្នាំ ដែលបានរត់គេចខ្លួនពីប្រទេសថៃចូលមកកម្ពុជា។
បុរសជនជាតិនីហ្សេរីយ៉ានេះ ត្រូវបានគេរកឃើញនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២២ ហើយត្រូវបាន គេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ មនុស្ស៥នាក់ផ្សេងទៀត ដែលបាន ប៉ះពាល់បុរសនីហ្សេរី យ៉ានេះ ត្រូវបានគេដាក់រស់នៅដាច់ដោយឡែកតាមផ្ទះ ដើម្បីតាមដានភាពវិវត្តន៍។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់នូវការឆ្លងអុតស្វាជាលើកដំបូងតាមរយៈជនបរទេស រូបនោះនិងលោកបានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្ននិងចូលរួមក្នុងការទប់ស្កាត់ដើម្បី កុំឱ្យ ជម្ងឺនេះឆ្លងរាលដាលក្នុងប្រទេស។
ជម្ងឺអុតស្វាត្រូវបានគេប្រកាសជាជម្ងឺអាសន្នជាសកល។ បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រកំពុង ស្រាវជ្រាវបង្កើតវ៉ាក់សាំងដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ។ របាយការណ៍ពិភពលោកបាន បង្ហាញថា មានករណីឆ្លងជំងឺអុតស្វានេះចំនួនជាង ១ម៉ឺន៦ពាន់ករណីហើយ នៅក្នុងប្រទេសចំនួន៧៥លើសកលលោកនេះ។ អង្គការសុខភាពពិភពលោកបានថ្លែងថាជំងឺអុតស្វានេះកើតមានភាគច្រើនចំពោះបុរសដែលរួមភេទជាមួយនឹងបុរស។