ក្រុមគ្រូពេទ្យស័្មគ្រចិត្តចុះផ្តល់សេវាសុខភាពពលរដ្ឋនៅវត្តសំរោងអណ្តែត (Video Inside)
ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានចុះ ផ្តល់សេវា សុខភាពទូទៅមិនគិតថ្លៃ ជូនប្រជាពលរដ្ឋដែលបានជួបជុំគ្នាក្នុងបរិវេណវត្តសំរោងអណ្តែត រាជធានីភ្នំពេញ។
ការចុះផ្តល់សេវានៅថ្ងៃទី២៧កក្កដានៅក្នុងវត្តព្រះពុទ្ធសាសនានេះ បាន ស្របពេលដែលពុទ្ធបរិស័ទ បាននិងកំពុងចូលរួមពិធីបុណ្យចូលវស្សាប្រពៃណីជាតិ ដែលមាន ពលរដ្ឋជាច្រើនបានអញ្ជើញជួបជុំគ្នា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់នូវការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យា ល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជួយផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋ។
កម្មវិធីអប់រំ និងពិនិត្យសុខភាពរបស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាលថ្ងៃទី២៧កក្កដា រួមមានការពិនិត្យពិគ្រោះព្យាបាលជំងឺទូទៅ, ពិនិត្យមាត់-ធ្មេញ, ពិនិត្យភ្នែក និងមានផ្តល់វ៉ែនតា, ពិនិត្យជំងឺបេះដូង-វាស់សង្វាក់បេះដូង, ពិនិត្យអេកូបេះដូង, ពិនិត្យផ្ទៃពោះ និងអេកូពោះ, ព្យាបាលដោយចលនា, មន្ទីរពិសោធន៍, ផ្តល់ឱសថ ដែលសេវា ទាំងឡាយនេះ គឺជាសេវាមិនគិតថ្លៃ។
មន្ត្រីរៀបចំពិធី បានថ្លែងថាការចុះអប់រំសុខភាព និង ផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ននេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាព មនុស្សធម៌ ឱ្យខិតជិតដល់ប្រជាពលរដ្ឋតាមសហគមន៏ និងដើម្បី ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕