សំរាមសំណល់រឹង ក្នុងទីប្រជុំជនក្រុងស្ទឹងត្រែង ប្រមូលបានប្រមាណ ៣៦តោនក្នុង ១ថ្ងៃ និង ១២៩៦០តោន ក្នុង ១ឆ្នាំ
ខេត្តស្ទឹងត្រែង ៖ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង ក្នុងវេទិកាសាធារណៈស្តីពីការពិគ្រោះយោបល់លើការគ្រប់គ្រង និងការផ្តល់សេវាសំណល់រឹងសំរាម ទីប្រជុំជនក្រុងស្ទឹងត្រែង កាលព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ រៀបចំដោយរដ្ឋបាលក្រុងស្ទឹងត្រែង។
លោក សាយ កុសល អភិបាលក្រុង បានមានប្រសាសន៍ថាៈសំរាមសំណល់រឹងទីប្រជុំជន នៅពុំទាន់ត្រូវបានវេចខ្ចប់ និងទុកដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដាអនាម័យបរិស្ថាននៅឡើយទេ ។ ក្នុងនោះដែរ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តការបោះចោល សំរាមយ៉ាងអាណាធិបតេយ្យ តាមដងផ្លូវ តាមទីសាធារណៈផ្សេងៗ ដោយមិនព្រមចូលរួមប្រើប្រាស់សេវាសំរាម និងមិនបង់ថ្លៃសេវាសំរាមផងដែរ ទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើឲ្យមានការបំពុលខ្យល់ ជាពិសេសប៉ះពាល់ដល់សោភ័ណ្ឌភាពក្នុងមូលដ្ឋានភូមិ សង្កាត់ ក្រុង និងខេត្តទាំងមូលទៀតផង ។ ទោះជាយ៉ាងនេះ ក្តីបញ្ហាប្រឈមទាំងនេះអាចដោះស្រាយបានតាមរយៈ ការផ្លាស់ប្តូរឥរិយាបថតាមទម្លាប់របៀបរបបរស់នៅ ការធ្វើអាជីវកម្ម ផលិតកម្មរបស់អ្នកបង្កើត និងបញ្ចេញសំរាមសំណល់រឹងទីប្រជុំជន ព្រមទាំងបង្កើត និងដាក់ឲ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព ។
លោកថា ក្នុងន័យនេះគឺចង់ឲ្យក្រុងស្ទឹងត្រែងមានអនាម័យល្អ ដើម្បីឲ្យការរស់នៅក្នុងសោភ័ណ្ឌភាពល្អ ប្រកបដោយផាសុខភាព សុខុមាលភាព និងភាពទាក់ទាញស្របតាមកំណើននគររូបនីយកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័សផងដែរ ៕ ដោយ៖ដេង ម៉ាវិន






