គណបក្សយុវជនកម្ពុជាប្រកាសគាំទ្រការអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញលើកទី១០
ភ្នំពេញ៖គណបក្សយុវជនកម្ពុជាបានប្រកាសគាំទ្ររដ្ឋសភាជាតិនៃកម្ពុជាដែលបានធ្វើវិសោធនកម្មនូវមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបម្រើផលប្រយោជន៍ជាតិក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦កាលពីព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់គណបក្សយុវជនកម្ពុជានៅថ្ងៃទី២៨ខែកក្កដានេះបានបញ្ជាក់ថាគណបក្សយុវជនកម្ពុជា សូមប្រកាសគាំទ្ររដ្ឋសភាជាតិនៃកម្ពុជាដែលបានធ្វើវិសោធនកម្មនូវ មាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញដើម្បីបម្រើ ផលប្រយោជន៍ជាតិ។ក្នុងន័យនេះគណបក្សយុវជនកម្ពុជាសូមគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ។
សូមបញ្ជាក់ថាសម័យប្រជុំរដ្ឋសភាលើកទី៧នីតិកាលទី៦កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ខែកក្កដានេះបានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក្នុងសំឡេង១០៥លើ១០៦សំឡេង។
សូមជម្រាបថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនទៅរដ្ឋសភាកាលពីថ្ងៃទី១៣ ខែកក្កដាបន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៨ខែកក្កដាបាន សម្រេចអនុម័តទាំងស្រុងនិងការបញ្ជាក់អំពីធម្មនុញ្ញភាពដោយក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី១៣ខែកក្កដា ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី (ពីរ មាត្រា ១៥២ថ្មី) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិអាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
ដោយឡែកកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ពលជ័យ
សូមជូនសេចក្តីថ្លែងការណ៍៖
