គណបក្សខ្មែររួបរួមជាតិគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានប្រកាសគាំទ្រទាំងស្រុង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា ១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភា បានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេងយល់ព្រម ១០៥ លើ១០៦។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ គណបក្សខ្មែររួបរួមជាតិ បានយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ជាការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងស្របទៅតាមគោលការណ៍របបសភានិយម។
គួរបញ្ជាក់ឱ្យដឹងថា រដ្ឋបានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដោយសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង។ ការអនុម័តនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ។ សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានអញ្ជើញចូលរួមប្រជុំផងដែរ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបានបញ្ជាក់ជូនរដ្ឋសភាថា “ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺមិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាច ហើយធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រព័ន្ធរបបសភានិយម មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនមានការរាំងស្ទះជាពិសេសការបំពេញបាននូវចន្លោះខ្វះខាត នៃរដ្ឋធម្មនុញ្ញនិងការធានាឱ្យស្ថាប័នរដ្ឋ ពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅ័ដោយរលូនមិនជាប់គាំងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ ដើម្បីបំពេញបេសកកម្មបម្រើផលប្រយោជន៍របសើជាតិ និងប្រជាជនកម្ពុជា ដូចអ្វីដែលរាជរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងហេតុជូនមករដ្ឋសភា”៕
ដោយ៖ពលជ័យ
