គណបក្សសញ្ជាតិកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ

ភ្នំពេញ៖ គណបក្សសញ្ជាតិកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា លើកទី១០ ក្នុងបុព្វហេតុនៃនិរន្តរភាពជាតិ និងឧត្តមប្រយោជន៍ជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានធ្វើការពិភាក្សា និង អនុម័តលើរបៀបវារៈចំនួន៥និងមានវត្តមាន សមាជិកសភាចូលរួម ចំនួន១០៦ នៅពេលចាប់ផ្តើម។

សម្រាប់របៀបវារៈទី២ រដ្ឋសភាបានធ្វើការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធន កម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ)និងមាត្រា១២៥ថ្មី នៃរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងមាត្រា៣ថ្មី មាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម ។

គណបក្សសញ្ជាតិកម្ពុជា បានកត់សម្គាល់ឃើញថា អង្គរដ្ឋសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូលដោយមាន ចំនួនសំឡេង១០៥ លើ ១០៦សំឡេង ហើយខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ទាំងអស់ សុទ្ធតែសំដៅធានានូវដំណើរជាប្រក្រតីនៃស្ថាប័នជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិ មិនសំដៅប្រយោជន៍បុគ្គល ឬគណបក្សណាមួយឡើយ។

សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដានេះ បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី (មួយ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ក្នុងសំឡេង១០៥ លើ១០៦ សំឡេង។

​សូមជម្រាបថា គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី​១៣ ខែកក្កដា​បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៨​ខែកក្កដា​បាន សម្រេច​អនុម័ត​ទាំងស្រុង​និង​ការបញ្ជាក់​អំពី​ធម្មនុញ្ញភាព​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា ផងដែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣​ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ​ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរ មាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាពការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត​ក្នុង​ភាពអាសន្ន​។​

​ដោយឡែក​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​សាធារណជន​អំពី​គោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ដែលជា​សំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
ដោយ៖ពលជ័យ

ads banner