គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសរំលាយ និងប្រកាសឱ្យសមាជិកខ្លួនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ប្រធាន អនុប្រធាន រួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សរុប៩រូប របស់គណបក្សខ្មែស្រឡាញ់ជាតិ បានប្រកាសរំលាយគណបក្សរបស់ខ្លួន ចាប់ពីនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ការប្រកាសរំលាយនេះ ដោយសារមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការការអភិវឌ្ឍ និងអនាគតរុងរឿង។

យោងតាមសេចក្តីថ្លែងការណ៍គណបក្សខ្មែស្រឡាញ់ជាតិ នៅថ្ងៃទី២៩ ខែកក្កដា នេះបានបញ្ជាក់ថា មូលហេតុនៃការរំលាយគណបក្សខ្មែស្រឡាញ់ជាតិ គឺដោយសារខ្លួនមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគតរុងរឿង ជាពិសេសកាលពីថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២២នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរផលប្រយោជន៍របស់ជាតិជាធំ «ដូច្នេះពុំមានហេតុផលណាមួយដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់ សម្ដេចតេជោ និងគណបក្សប្រជាជនតទៅទៀតទេ»។ នេះជាការបញ្ជាក់របស់គណបក្សខ្មែរស្រឡាញ់ជាតិ។
ជាមួយគ្នានេះ គណបក្សខ្មែស្រឡាញ់ជាតិ បានអំពាវនាវដល់សមាជិកគណៈ កម្មាធិការនាយក និងសមាជិករបស់គណបក្សខ្មែស្រឡាញ់ជាតិ ដែលកំពុងស្ថិតនៅក្នុងបក្សប្រឆាំងនាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា៕
ដោយ៖ពលជ័យ
