កម្ពុជាគ្រោងរៀបចំវេទិកាអន្តរសាសនាឡើងវិញ (Video Inside)
កម្ពុជាគ្រោងនឹងរៀបចំ «វេទិកាអន្តរសាសនា» ឡើងវិញ ក្រោយខកខាន២ឆ្នាំ ដោយសារ កូវីដ១៩ ។ ការបញ្ជាក់រៀបចំ «វេទិកាអន្តរសាសនា» ឡើងវិញនេះ បានធ្វើឡើងដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង កាលពីថ្ងៃទី២៨កក្កដា ក្នុងកិច្ចប្រជុំមួយនៅក្រសួងមហាផ្ទៃ។
លោកស្រីរដ្ឋលេខាធិការថ្លែងថា កម្មវិធីនេះ ត្រៀមនឹងរៀបចំឡើងនៅដើមខែ កញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលនិងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កម្មវិធីអន្តរសាសនា គឺកម្មវិធីរៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសហការជាមួយនឹងមេដឹកនាំសាសនាធំៗក្នុងព្រះរាជាណាចក្រកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីបួងសួងឱ្យប្រជាជនកម្ពុជា ក៏ដូចប្រជាជនលើពិភពលោករួចចាកផុតពីជម្ងឺរាតត្បាត និងអំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើប ។
លោកស្រី ជូ ប៊ុនអេង បានថ្លែងទៀតថា ដើម្បីបន្តសកម្មភាពដ៏មានសារៈសំខាន់នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានគម្រោងរៀបចំកម្មវិធីវេទិកាអន្តរសាសនា លើកទី៦ ឆ្នាំ២០២២ ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា ប្រមាណ ១៥០០អង្គនិងនាក់៕