អគ្គបញ្ជាការប្រកាសគាំទ្រជាឱឡារិកនិងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានប្រកាសគាំទ្រជាឱឡារិកនិងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មីមាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញ បន្ថែម ដែលរដ្ឋសភាបានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេងយល់ព្រម ១០៥លើ១០៦។ នេះបេីយោងតាមញ្ញត្តិគាំទ្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។
ញ្ញត្តិគាំទ្របានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នា យល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ជាការ លើកកម្ពស់លទ្ធិប្រជាធិតតេយ្យ ស្របតាមគោលការណ៍របបសភានិយម និងដើម្បីបុព្វហេតុន និរន្តរភាពជាតិ ព្រមទាំងផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តមរបស់ជាតិនិងប្រជាជនកម្ពុជា។”
សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៧នីតិកាលទី៦កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ខែកក្កដានេះបានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក្នុងសំឡេង១០៥លើ
១០៦សំឡេង។
សូមជម្រាបថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនទៅរដ្ឋសភាកាលពីថ្ងៃទី១៣ខែកក្កដាបន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៨ខែកក្កដាបាន សម្រេចអនុម័តទាំងស្រុងនិងការបញ្ជាក់អំពីធម្មនុញ្ញភាពដោយក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី១៣ខែកក្កដា ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរមាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី (ពីរ មាត្រា ១៥២ថ្មី) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិអាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
ដោយឡែកកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
