ទេសាភិបាលធនាគារជាតិ ក្រើនរំលឹកដល់គ្រឹះស្ថានពាណិជ្ជ បើនៅតែបន្តយកអត្តសញ្ញាណប័ណ្ណរបស់អតិថិជនជាទ្រព្យបញ្ចាំ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មខាងវិន័យ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

បាត់ដំបង៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកថា បើគ្រឹះស្ថានពាណិជ្ជ នៅតែបន្តយកអត្តសញ្ញាណប័ណ្ណ របស់អតិថិជនជាទ្រព្យបញ្ចាំ នឹងត្រូវប្រឈមមុខ នឹងទណ្ឌកម្មខាងវិន័យ ស្របតាមមាត្រា៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដូចជា ការពិន័យជាប្រាក់ជាដើម។

នេះជាការក្រើនរំលឹករបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ជូនអ្នកពាក់ពន្ធ័ និងសាធារណះជន នៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង ។

ឯកឧត្ដម ជា ចាន់តូ បានបន្តថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារធនាគារជាតិនៃកម្ពុជា គឺហាមដាច់ខាត ក្នុងការរក្សាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជន ដូចជា អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ធានាលើការផ្តល់ឥណទាន ព្រោះលិខិតយថាភូតទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់បញ្ជាក់អត្តសញ្ញាណ បុគ្គលនិងស្រង់ស្ថិតិតែប៉ុណ្ណោះ និងពុំមានតម្លៃសេដ្ឋកិច្ច សម្រាប់ការធានាលើឥណទាន ឬគោលបំណងផ្សេងទៀតនោះទេ ។ ដូចនេះ បើគ្រឹះស្ថានណា នៅតែបន្តរក្សាទុកលិខិតយថាភូតច្បាប់ដើមរបស់អតិថិជន ត្រូវប្រគល់ឲ្យអតិថិជនវិញជាបន្ទាន់ ។ ប៉ុន្តែទោះបីមានបញ្ហាខ្លះៗមែន នៅក្នុងបញ្ហានេះ ឯកឧត្ដម ជា ចាន់តូ បានសម្ដែងនូវមោទនភាពផងដែរថា បន្ទាប់ពីប្រទេសជាតិមាន សន្តិភាព បានបង្កបរិយាកាសដល់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យធនាគារ និងហរិញ្ញវត្ថុ ទទួលបានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ ផងដែរ ។ ជាក់ស្តែង ដូចជាការខ្ចីបុល ដែលកាលពីមុន ជាការខ្ចីបុលក្រៅផ្លូវការ និងរហូតដល់ពេលបច្ចុប្បន្ន។ ប៉ុន្តែបន្ទាប់ពី មានអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ការខ្ចីបុល បានផ្លាស់ប្តូរពីការខ្ចីបុលក្រៅផ្លូវការ មកជាការខ្ចីបុល ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីផ្តល់ ដល់អ្នកមានតម្រូវការសាច់ប្រាក់ ពិតប្រាកដ និងចៀសវាងការកេងប្រវ័ញ្ច ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ជា ចាន់តូ បានស្នើដល់គ្រប់គ្រឹះស្ថាន ត្រូវ អនុវត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់ តាម គោលការណ៍ ផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដើម្បីឲ្យទទួលបាន ផលប្រយោជន៍ទាំងសង្ខាង ទាំងអ្នកប្រើប្រាស់ និងអ្នកផ្ដល់ឥណទាន។

សូមបញ្ជាក់ថា តាមការឲ្យដឹងពីលោក គា បូរាណ សមាជិកក្រុម ប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុ គិតត្រឹមខែមិថុនា ដំណាច់ ឆ្នាំ២០២២នេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន២២ បាន និងកំពុងផ្តល់សេវាឥណទានដល់ប្រជាពលរដ្ឋក្នុងស្រុកកំរៀងចំនួន ១២.៩៨១នាក់ ដែលមានផលប័ត្រឥណទានចំនួន ប្រមាណជា ៦១លានដុល្លារអាមេរិក ក្នុងនោះ ក៏បានធ្វើការរៀបចំឥណទានឡើងវិញ ជូនអតិថិជនដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ សរុបជាទឹកប្រាក់ ប្រមាណជា ០,៥លានដុល្លារអាមេរិកផងដែរ។

ចំណែក ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ
នៃកម្ពុជា បានឱ្យដឹងថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ដែលបានធ្វើឡើងជាបន្តបន្ទាប់របស់ ធនាគារជាតិនៃកម្ពុជានេះ គឺមានសារៈសំខាន់ ដើម្បីបន្តអភិវឌ្ឍ វិស័យធនាគារ និងហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងពង្រឹងកិច្ចគាំពារអតិថិជន ព្រមទាំង ផ្តល់ជាវេទិកាជូនអ្នកចូលរួម លើកឡើងអំពីបញ្ហាប្រឈម សំណួរ និងសំណូមពរនានា ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ នៅតាមតំបន់មូលដ្ឋាននីមួយៗ ដែលជួបប្រទះនោះផងដែរ ៕ ដោយ វ៉េង លីមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner