វេទិកាសន្តិភាពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
ភ្នំពេញ៖ ថ្នាក់ដឹកនាំនិងសមាជិក-សមាជិកានៃ វេទិកាសន្តិភាពកម្ពុជា (Cambodia Peace Forum) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភាជាតិបានអនុម័តរួចនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបម្រើឧត្ដមប្រយោជន៍ជាតិ ធានាដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលឱ្យមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ ។ នេះបេីយោងតាមសេចក្តីថ្លែងការណ៍របស់វេទិកាសន្តិភាពកម្ពុជា។
វេទិកាសន្តិភាពកម្ពុជាបានបញ្ជាក់ថា “យើងប្រឆាំងដាច់ខាតចំពោះ ជនអគតិទាំងឡាយណា បុគ្គលណា និងក្រុមពួកនយោបាយណា ដែលជំទាស់និងការធ្វើវិសោធនកម្មនេះក្នុងគោលបំណងបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួននិងក្រុមខ្លួនដោយមិនគិតតម្កល់ផលប្រយោជន៍ជាតិនិងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជាជាធំ។ ដើម្បីបុព្វហេតុជាតិមាតុភូមិនិងសេចក្តីសុខសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសធានានូវស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យនៅក្រោមអគ្គមគ្គុទ្ទេសក៏ដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាអគ្គមគ្គុទ្ទេសក៏សន្តិភាពនៃកម្ពុជា”។
សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៧នីតិកាលទី៦កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែកក្កដានេះ បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក្នុងសំឡេង១០៥លើ
១០៦សំឡេង។
សូមជម្រាបថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនទៅរដ្ឋសភាកាលពីថ្ងៃទី១៣ខែកក្កដាបន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៨ខែកក្កដាបាន សម្រេចអនុម័តទាំងស្រុងនិងការបញ្ជាក់អំពីធម្មនុញ្ញភាពដោយក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី១៣ខែកក្កដា ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរមាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី (ពីរ មាត្រា ១៥២ថ្មី) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិអាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
ដោយឡែកកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
