សម្ដេចក្រឡាហោម៖ មន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវសន្មតថា បញ្ហាប្រជាពលរដ្ឋដែលបានស្នើជារឿងតូចតាចឱ្យសោះ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវសន្មតថា បញ្ហាប្រជាពលរដ្ឋដែលបានស្នើ ឬលើកឡើងមកនោះជារឿងតូចតាចឱ្យសោះ។ សម្ដេចបានណែនាំឱ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហាណាមួយ សូមប្រមូល និងតាមដានបញ្ហាទាំងនោះឱ្យជាប់ ហើយអាចចុះទៅពិនិត្យបញ្ហានោះដោយផ្ទាល់ ដើម្បីជំរុញការដោះស្រាយមានប្រសិទ្ធភាព។ ការបញ្ជាក់របស់សម្តេច បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រកាសសេចក្ដីសម្រេចបង្កើតក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ការតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជន ឬប្រជាពលរដ្ឋក្នុងបណ្ដាញសង្គម ប្រៀបបាននឹងការឆ្លុះកញ្ចក់មួយដូច្នេះដែរ។ ការខិតខំប្រមូលសំណើ សំណូមពរ និងមតិយោបល់តាមបណ្ដាញសង្គមនេះ ក៏ជាការឆ្លើយតបតាមសេចក្ដីប្រាថ្នារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្ដេចបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់តាមដានបញ្ហាប្រជាពលរដ្ឋលើបណ្ដាញសង្គម ហើយខិតខំដោះស្រាយឱ្យបានទាន់ពេលវេលា។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាន៍បន្តថា បន្ទាប់ពីសម្ដេចបង្កើតក្រុមការងារតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជនរយៈពេលប្រមាណ២ឆ្នាំមក សម្ដេចសង្កេតឃើញថា មានមហាជនកាន់តែច្រើនឡើងបានដាក់សំណើ សំណូមពរ និងលើកមតិយោបល់ជាច្រើនមកកាន់ផេកហ្វេសប៊ុកសម្ដេច និងថាព្រោះហេតុដូច្នេះហើយទើបសម្ដេច សម្រេចកែសម្រួលក្រុមការងារនេះដោយដាក់បញ្ចូលបន្ថែមនូវមន្រ្តីនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រសួងមហាផ្ទៃ ដើម្បីបង្កើនការជឿជាក់ និងមានទំនុកចិត្តពីមហាជន។

គួរបញ្ជាក់ថា បន្ទាប់ពីត្រូវបានបង្កើតឡើងក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម ស ខេងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ គឺបានដកស្រង់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន គោរពជូន សម្តេចក្រឡាហោម ស ខេង ជ្រាប និងពិនិត្យសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់ បានចំនួន២.០៥៦ គណនី៕
ដោយ៖ពលជ័យ

ads banner