អ្នកនាំពាក្យ​៖ ​ប្រទេស​ដៃ​គូនានា ​ឬ​មហាអំណាច​នឹងមិន​យក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាការ​ប​ន្ទច់​បង្អាប់​នោះទេ

ភ្នំពេញ​៖ ​គោលជំហរ​របស់​អាស៊ាន​មិន​ប្រែប្រួល​ឡើយ​ គឺ​មិន​យក​ប្រទេស​ដៃគូ​ និង​មហាអំណាច​ណា​ដៃគូ​តែមួយ​ឡើយ​។ ​អាស៊ាន​មាន​ម​ជ្ឈ​ភាព និង​ឯករាជ្យ​របស់ខ្លួន ក្នុងការ​ដាក់ចេញ​គោលជំហរ និង​បទដ្ឋាន​ដើម្បីស្របតាមអាទិភាព​របស់​អាស៊ាន​។ ​ប្រទេស​ដៃ​នានា​ឬ​មហាអំណាច​នឹងមិន​យក​វេទិកា​ឬ​កិច្ចប្រជុំ​នាពេលខាងមុខ​ជាការ​ប​ន្ទច់បង្អាប់​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​អ្នកនាំពាក្យ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២២​នេះ នៅ​សណ្ឋាគារ​សុខា​។​

ឯកឧត្តម​បាន​បន្តថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៣ ខែសីហា ខាងមុខនេះ នឹង​ផ្តោតលើ​មូលបទ​ធំ​របស់​កម្ពុជា​។ ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន គឺ​ការដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា រួមមាន៖ នយោបាយ​សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម​។ ​ជាពិសេស​ការកសាង​អាស៊ាន​ក្លា​ជា​សហគមន៍​មួយ​ផ្តល់​​ផលប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន​។

​អ្នកនាំពាក្យ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ បាន​បញ្ជាក់ថា ក្នុងឋានៈ​កម្ពុជា​ជា​ប្រធាន​អាស៊ាន មាន​ចំណុច​អាទិភាព​ដែល​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ត្រូវ​លើ​មក​ពិភាក្សា​ពាក់ព័ន្ធ​ការអនុវត្ត​របស់​កម្ពុ​ជា ដូចជា កាលានុវត្តន៍​ភាព និង​ការត្រៀម​កិច្ចប្រជុំ​កំពូល​សម្រាប់​ចុងឆ្នាំ​ទាំង​ផ្នែក​សន្តិសុខ ការធានា​សន្តិភាព​ក្នុង​តំបន់ និង​ការ​ងើបឡើង​ពី​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​ឱ្យអាស៊ាន​អនុវត្ត​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។​

​អ្នកនាំពាក្យ​ដដែល​បាន​អះអាងថា គោលជំហរ​របស់​អាស៊ាន​មិន​ប្រែប្រួល​ឡើយ គឺ​មិន​យក​ប្រទេស​ដៃគូ និង​មហាអំណាច​ណា​ដៃគូ​តែមួយ​ឡើយ​។ អាស៊ាន​មាន​ម​ជ្ឈ​ភាព និង​ឯករាជ្យ​របស់ខ្លួន ក្នុងការ​ដាក់ចេញគោលជំហរ និង​បទដ្ឋាន ដើម្បី​ស្របតាម​អាទិភាព​របស់​អាស៊ាន​។ ប្រទេស​ដៃ​នានា ឬ​មហាអំណាច នឹងមិន​យក​វេទិកា ឬ​កិច្ចប្រជុំ​នាពេលខាងមុខ​ជាការ​ប​ន្ទុ​ច​បង្អាប់​នោះទេ​ហើយ​សង្ឃឹមថា ប្រទេស​ដៃគូ​នឹង​ប្រើប្រាស់​កិច្ចប្រជុំ​ជា​ទម្រង់​ផ្តល់​លទ្ធភាព​ឱ្យ​ទាំងអស់គ្នា រួមគ្នាដោះស្រាយ​ស្រាយ​បញ្ហា ដាក់ចេញ​គោលនយោបាយ ឬ​ជំហាន​ដើម្បី​បន្ថយ​ភាព​តានតឹង ដើម្បី​ប្រជាជាតិ​រីកចម្រើន​។​

​សូមជម្រាបថា កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើកទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ពីថ្ងៃ​ទី២៩ ខែកក្កដា ដល់​ថ្ងៃទី០៥ ខែសីហា នៅរាជធានី​ភ្នំពេញ​។

តាម​កម្មវិធី​ដែល​បានគ្រោង​ទុក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ លើកទី​៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ហើយនឹង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​រួមគ្នា ដោយ​រដ្ឋមន្ត្រីការបរទេស និង​អគ្គលេខាធិការ​អាស៊ាន​។

កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើកទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួមមាន៖

  • កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​
  • ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស​
  • កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​លើក​ទី​៥៥
  • សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន ជាមួយ​ដៃគូ​សន្ទនា​របស់​អាស៊ាន​
  • កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​បូក​បី លើក​ទី​២៣
  • កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា លើក​ទី​១២
  • កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៩

ស្របពេល​ជាមួយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ រដ្ឋមន្ត្រីការបរទេស និង​អគ្គលេខាធិការ​អាស៊ាន នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ការចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ដោយ​ព្រះរាជាណាចក្រ​ដា​ណឺ​ម៉ាក​, សាធារណរដ្ឋ​ក្រិ​ក​, ព្រះរាជាណាចក្រ​ហូ​ឡង់​, ប្រទេស​អូ​ម៉​ង់​, រដ្ឋ​កាតា និង​អារ៉ាប់​រួម​អេ​មី​រ៉ាត់​។ រដ្ឋមន្ត្រីការបរទេស​និង​អគ្គលេខាធិការ​អាស៊ាន​ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អាស៊ាន​ឆ្នាំ​២០២១ ផងដែរ​។​

ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​លើក​ទី​៥៥ នឹងមាន​កិច្ចប្រជុំ​ត្រីភាគី​ចំនួន​បី​ដាច់ដោយឡែក​ពីគ្នា រវាង​កម្ពុជា​និង​លេខាធិការដ្ឋាន​អាស៊ាន ជាមួយនឹង​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​ចំនួន​បី រួមមាន ប្រទេស​ន័​រវេ​ស ប្រទេស​តួ​ក​គី និង​ប្រទេស​ស្វី​ស​។​ ក្រៅពី​ប្រទេស​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន និង​ប្រទេស​ទាំង​ប្រាំមួយ ដែល​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍ (TAC) ខាងលើ ប្រទេស​ចំនួន​បួន​ផ្សេងទៀត នឹង​ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវ​នៃ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ រួមមាន​ប្រទេស​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ ម៉ា​រ៉ុ​ក ទី​ម័​រ​ខាងកើត និង​អា​ស៊ែ​បៃ​ហ្ស​ង់​។​ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ AMM លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា រំពឹងថា​នឹងមាន​ជំនួប​ទ្វេភាគី​មួយចំនួន​ជាមួយនឹង​សម​ភាគី​បរទេស​របស់​ឯកឧត្ដម​៕
ដោយ​៖​ពល​ជ័យ

ads banner