សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនប្រធានាធិបតីហ្វីលីពីន ចូលរួមរំលែកទុក្ខចំពោះមរណភាពលោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូនលោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពីន ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
តាមរយៈសាររំលែកទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តាងនាមឱ្យរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការរំលែកទុក្ខ និងសមានចិត្តយ៉ាងជ្រាលជ្រៅជូនដល់ឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ជាពិសេសក្រុមគ្រួសារសព ក្នុងគ្រាដ៏សែនសោកសង្រេងនេះ»។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះគឺជាការបាត់បង់ធំធេងនូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ហ្វីលីពីន និងមិត្តដ៏ល្អម្នាក់របស់កម្ពុជា ដែលបានគាំទ្រដល់សមាជិកភាពរបស់កម្ពុជានៅក្នុងអាស៊ាន។
តាមរយៈសារលិខិតនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ឯកឧត្តម ហ្វីដែល វ៉ាលដេស រ៉ាម៉ូស ដែលបានលះបង់ពេញមួយជីវិត ដើម្បីបុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរបស់ហ្វីលីពីន និងតំបន់ នឹងត្រូវបានចងចាំជារដ្ឋបុរសដ៏អស្ចារ្យមួយរូបជានិច្ច»៕
ដោយ៖ពលជ័យ

